ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

នៅព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយឧត្តម ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០២២)។

ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម បានធ្វើការទូរស័ព្ទដោយផ្ទាល់ មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ង្វៀន ភូជុង បានសំដែងនូវអំណរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និយាយជារួម និងនិយាយដោយឡែកសូមសំដែង នូវការអបអរសាទរជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏លើសលុប ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ ។

នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ឯកឧត្តម ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានប្រារព្វខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត​(២០មិថុនា១៩៧៧-២០មិថុនា២០២២) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ ដំណើរការនៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះឯកឧត្តម ង្វៀន ភូជុង ដែលបានទូរស័ព្ទទំនាក់ទំនងដោយផ្ទាល់មកកាន់រូបសម្តេច ពិសេសការចូលរួមអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផង ។ សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាម ដែលបានសហការជួយរៀបចំកម្មវិធីខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ។

តាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចតេជោបានសំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការទប់ស្កាត់ការរីករាល នៃជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដែលធ្វើឲ្យប្រទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញ និងទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាននូវគំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណជាង៣០នាទី សម្តេចតេជោ និងឯកឧត្តម ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។