ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជាទឹកបរិសុជូនដល់រដ្ធបាលខេត្តបាត់ដំបង

(បាត់ដំបង) ÷ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ជួយគ្រួសាររងគ្រោះដោយសារទឹកជំនន់ នូវទឹកបរិសុទ្ធ «អរុណា» ចំនួន ១៣,២៩០ កេសធំ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការចាត់ចែងរៀបចំចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបងផងដែរ។

 

ជាមួយគ្នានោះ លោក ងួន រតនៈ បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ជាក់ស្ដែងក្នុងកំឡុងពេលដែលប្រទេសកម្ពុជា កំពុងតែជួបវិបត្តិមួយទៀតក្រៅពីវិបត្តិនូវជម្ងឺកូវីដ-១៩ នោះយើងកំពុងតែជួបប្រទះនូវគ្រោះទឹកជំនន់ ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំង បង្កឲ្យមានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ស្រូវដំណាំកសិកម្ម និងសត្វពាហនៈរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

លោកបានបញ្ជាក់ទៀតថា ចំពោះអំណោយជាទឹកបរិសុទ្ធនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាក្នុងអំឡុងពេលនេះ បងប្អូនប្រជាពលរដ្ឋត្រូវការទឹកស្អាតបរិភោគ និងប្រើប្រាស់ ព្រោះដោយសារភូមិឃុំខ្លះ មានការជន់លិចខ្លាំងមិនអាចចេញដំណើរទៅណាបាន ហើយការបរិភោគទឹកស្អាត បានជួយដល់សុខភាពប្រជាពលរដ្ឋពីការរាគរួស និងបង្កកុំឲ្យមានសត្វល្អិតក្នុងខ្លួនផងដែរ។ នៅថ្ងៃបន្ទាប់ លោកនឹងធ្វើការចាត់ចែងទឹកបរិសុទ្ធនេះ ដល់សាលាស្រុកទាំង១៣ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងកំពុងត្រូវការជាចាំបាច់។

គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកចំនួន៩ ស្មើនឹង ៤៤ឃុំ។ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១៣,២៩០គ្រួសារ ក្នុងនោះជម្លៀសចំនួន ៩៧២គ្រួសារ។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយទឹកបរិភោគ និងជួយការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ចេញទឹកសុទ្ធជិត ៥ម៉ឺនកេសចែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។