ព័ត៌មានជាតិ

សម្ដេចតេជោ ថ្ងៃនេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាបន្តទៀត។

បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។

មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។ ជាមួយគ្នានោះ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ។​ គិតត្រឹមថ្ងៃទី០១ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងបានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះការចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់​ ៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុពី ៦ឆ្នាំ ដល់១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ៩លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង ៣០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាបន្តផ្តល់ដូសជំរុញជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដោយមិនគិតថ្លៃនោះឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញបន្តទៀត នៅពេលដល់ពេលត្រូវចាក់ ដើម្បីបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយការពារជំងឺកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។