ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៃសំបួរមាស អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរក្រុងកំពង់ចាម មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានសង្កត់ធ្ងន់ថា​ សង្កាត់សំបួរមាស មានសមាជិក ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ​ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត​ ប្រកបដោយលទ្ធិប្រជាតេយ្យ​ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា​ ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា​កន្លងទៅនេះ​ ជាលទ្ធផល​ ក្នុងសង្កាត់សំបួរមាស មានអាកាសៈសរុប ចំនួន១១ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖​ គគណបក្សប្រជាជនកម្ពុជា មាន០៨អាកាសៈ​ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១​ និងសមាជិកក្រុមប្រឹក្សា ចំនួន០៥ អាសនៈ ក្នុងនោះមកពីគណបក្សភ្លេីងទៀន មាន០៣អាកាសៈ​ ទទួលបានតំណែងជាចៅ សង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សា ចំនួន០២អាសនៈ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។