ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៥០១គ្រួសារ ដែលរស់នៅសង្កាត់អូរចារ ក្រុងបាត់ដំបង!

(បាត់ដំបង) នាព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០ ៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០១គ្រួសារ ដែលរស់នៅភូមិចំនួន៦ ក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ។ ក្នុងនោះក៏មានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន អាជីវករ ដែលពិធីសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅនៅបរិវេណផ្សារទំនើបភួពុយក្រុងបាត់ដំបង ។

ក្នុងឱកាសជំនួបសំណេះសំណាលសួរសុខទុក្ខនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ និងនាំយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ហើយសម្ដេចក៏តែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ឯកឧត្តម សុខ លូ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ត្រូវឧស្សាហ៍ចុះពិនិត្យស្ថានភាពជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ។
ឯកឧត្តម បានបន្តទៀតថា ការនាំយកអំណោយចែកជូននាពេលនេះ គឺមិនមានការប្រកាន់និន្នាការនយោបាយណាមួយឡើយ ឱ្យតែជាជនងាយរងគ្រោះ ដែលត្រូវការជំនួយ នោះសាខាកាកបាទក្រហមកម្ពុជានឹងធ្វើការចែកជូនគាត់ ដើម្បីដោះស្រាយជីវភាពបានមួយរយៈពេលខ្លីផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឬទី៥ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ហើយបើសិនជាបានចាក់រួចរាល់បន្ទាប់ពី៤ខែឡើងត្រូវបន្តចាក់ដូសជំរុញបន្តទៀត ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការរៀបចំវ៉ាក់សាំងទុករួចជាស្រេចក្នុងការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីដូសទី៦ ឬដូសបន្តបន្ទាប់ឡើយ ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀត។ ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទើរគ្រប់ទីកន្លែងនោះ ឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហើយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព។
បន្ទាប់ពីអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅបវេណផ្សារទំនើបភួ ពុយ រួចហើយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជនក៏បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន០៥គ្រួសារនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់អូរចារផងដែរ ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធវីឃែរ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ ១យួរ,ផងដែរ ៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។