ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រី តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍ នៅកម្ពុជា ជាពិសេសវិស័យកសិកម្មតាមរយ:អង្គការ JICA។ ពិតណាស់រាល់គម្រោងកម្មវិធីទាំងនោះបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវ ភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការ អនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកកសិកម្មកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំមួយមានលក្ខណពិសេសគួរឲ្យកត់សម្គាល់គឺនាយករដ្ឋមន្រ្តីជប៉ុន និងរដ្ឋមន្រ្តីការពារជាតិជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លួវការនៅប្រទេសជប៉ុនផងដែរ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធាននៅចុងឆ្នាំនេះ នាយករដ្ឋមន្រ្តីជប៉ុន និងរដ្ឋមន្រ្តីការបរទេស ក៏នឹងគ្រោងអញ្ជើញមកចូលរួមផងដែរ។ នៅឆ្នាំ ២០២៣ គឺជាឆ្នាំគម្រប់ខួប ៧០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរផងដែរ។ ៧០ឆ្នាំ ប្រទេសទាំងពីរបានបន្តរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរគួរជាទីមោទន: ហើយសង្ឃឹមថាចំណងកិច្ចសហប្រតិបត្តិការនេះនឹងនៅបន្តពង្រឹង និងពង្រីកឲ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា នៅថ្ងៃទី១៩ ខាងមុខនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះជាឱកាសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសយើងទាំងពីរ មានឱកាសធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ៗជាអាទិ៍៖ ការកែច្នៃអាហារ គ្រាប់ស្វាចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាងហេដ្ឋាចរនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពផលិត កែច្នៃ ទាំងធនធានមនុស្ស និងឧបករណ៍សម្ភារកែច្នៃ។ល។ ដោយឡែក ចំពោះសំណើឲ្យពិនិត្យលើ លក្ខណ្ឌនៃការនាំចេញកសិផលទៅកាន់ទីផ្សារជប៉ុន ដូចជាផ្លែស្វាយក៏អាចលើកយកមកពិភាក្សា នាឱកាសនោះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម ក្រោយការប្រមូលផល រួមជាមួយនឹងការផ្តល់ទុន និងការលើកកម្ពស់សមត្ថភាព គុណភាពផលិតដល់សហគ្រាសធុនតូច និងមធ្យម គឺជាការចំបាច់នាពេលបច្ចុប្បន្ន ដើម្បីប្រជាជនកម្ពុជាទទួលបានតម្លៃបន្ថែមនិងទីផ្សារការងារផងដែរ ។ រីឯការត្រួតពិនិត្យគុណភាពគ្រាប់ពូជដំណាំស្រូវ ការគ្រប់គ្រង និងការប្រើប្រាស់ថ្នាំកសិកម្ម ក៏ជាតម្រូវការចាំបាច់របស់កម្ពុជា ក្នុងការពង្រឹងផលិតនាំចេញ ប្រកបដោយគុណភាពនិងសុវត្ថិភាព ជាពិសេសការ កែច្នៃគ្រាប់ស្វាយចន្ទី ក៏ជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហការជាមួយដៃគួអភិវឌ្ឍនិងវិស័យឯកជន ធ្វើការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបតាមស្តង់ដាជប៉ុន ដែលមានគុណភាពកម្រិតពិភពលោក ហើយពិតណាស់បើកម្ពុជាអាចធ្វើបាន នោះផលិតផលកសិកម្មកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងទូលំទូលាយ។ អ្វីដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង គឺជាប្រធានបទសំខាន់ៗផងដែរសម្រាប់លើកយកមកពិភាក្សា សំណើសុំពិចារណាជួយឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយ:ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ផលិតផលកសិកម្មកម្ពុជាដែលមានគុណភាពល្អៗជាច្រើនមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនផងដែរ ឧទាហរណ៍មានអង្ករ ចេក ស្វាយចន្ទី និងម្រេច។ល។ ដូច្នេះការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពកែច្នៃ ការជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសគឺជាអាទិភាពចំបងសម្រាប់អង្គការ JICA យកទៅពិនិត្យ ពិចារណាតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយទាំងអស់នេះ គឺស្ថិតក្នុងរបៀបវារ:នៃជំនួបពិភាក្សារបស់ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្មជប៉ុនជាមួយឯករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលខាងមុខ។

ជំនួបត្រូវបានបញ្ជប់ពោរពេញទៅដោយការយោគយល់ សាមគ្គីភាព មិត្តភាព និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។