ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ សូមបងប្អូនប្រជាពលរដ្ឋរួមគ្នាដាំដើមឈើឱ្យបានម្នាក់១ដើម ក្នុង១ឆ្នាំ

(កំពង់ចាម) :ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈឯកឧត្តម អញ្ចើញជាអធិបតីក្នុង ពិធីអបអរសាទរ ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា “រុក្ខទិវា០៩ កក្កដា” និងការដាំកូនឈើចំនួនប្រមាណជាង ១៣០០ដើម រួមមាន÷ កូនឈើបេង, ក្រញូង ,ធ្នង់ និងកូនក្ងោក។ ពិធីនេះធ្វើឡើងនៅ ក្នុងបរិវេណ វត្តបភាវត្យារាមគគរ (វត្តគគរ) ស្ថិតក្នុងឃុំ គគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីនេះក៏មានការ និមន្ត និងចូលរួម ពីព្រះមន្ត្រីសង្ឃ សលាអនគណស្រុក អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា ការរៀបចំពិធីអបអរសារទរ រុក្ខទិវា នេះ បានធ្វើឡើងតាំងពីឆ្នាំ១៩៩០ មកម៉្លេះ និងបានរៀបចំ ចំនួន ២៦លើក មកហើយ គិតមកដល់ពេលនេះ ។ នាឆ្នាំនេះ ជាលើកទី២៧ ដែលបានជ្រើសរើសទីតាំងខាងលើ រៀបចំ រុក្ខទិវា ថ្នាក់ខេត្ត ដើម្បី រំលឹកនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៃយើង ដែលព្រះអង្គទាំងទ្វេរ តែងតែយកទឹកព្រះទ័យ ទុកដាក់ក្នុងការងារនេះ ជាពិសេស ដើម្បី ធ្វើឲ្យទឹកដីនៃខេត្តកំពង់ចាម គ្របដណ្តប់ដោយគម្របពណ៌បៃតង ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានអំពាវនាវ ចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះ ស្ថាន សិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំដុះកូនឈើឲ្យបានច្រើនថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ។ សហការរួមគ្នាបន្តការដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើ ដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើន ។ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលធ្វើចំណាកស្រុក ទៅប្រកបរបរកាប់ អារឈើ ប្រមូលផល-អនុផលព្រៃឈើ ឬប្រមាញ់សត្វព្រៃខុសច្បាប់ សូមបង្វែរនូវសកម្មភាពអវិជ្ជ មានទាំងនោះ មកធ្វើការបង្កើនផលិតភាពកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ និងការងារផ្សេងៗ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ។ ទន្ទឹមនឹងនោះដែរ ក៏សូមអំពាវនាវដល់អង្គការជាតិ-អន្តរ ជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិ បត្តិ ការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះថា ដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យ មានគម្របព្រៃឈើ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។