ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង

(បាត់ដំបង) :នារសៀលថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានធ្វើរបាយការណ៍ឱ្យដឹងថាខេត្តបាត់ដំបងមានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចំនួន៦៣៣ពាន់ ៧៦៣នាក់ ស្មើនឹង៧៩,០២ភាគរយនៃចំនួនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងសរុបចំនួន៨០១ពាន់ ៩៨៥នាក់ ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួន៤២៨ពាន់ ៨១១នាក់ ស្មើនឹង៦៧,៦៦ភាគរយ នៃចំនួនប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតសរុប។

ឯកឧត្តមបន្តថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងទទួលបានសំឡេងឆ្នោតគាំទ្រសរុប៣៤៧ពាន់ ៦២សំឡេង ស្មើនឹង៧៦,០៩ភាគរយ ទទួលបាន៦៧៦អាសនៈ នៃអាសនៈសរុប៨២៣អាសនៈ ស្មើនឹង៨២,១៤ភាគរយ ក្នុងនោះឃុំដែលគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈច្រើនខ្ពស់ជាងគេ ក្នុងអត្រាសំឡេងគាំទ្រចាប់ពី៨០ភាគរយឡើង និងឈ្នះអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់មានចំនួន១៣ឃុំ។

សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ បានមានប្រសាសន៍ថាកិច្ចប្រជុំនៅថ្ងៃនេះ ទន្ទឹមគ្នានឹងការបូកសរុបលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ថ្មីៗកន្លងទៅនេះ ក៏នឹងមានដែរ ការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីស្វែងរកធាតុចូលល្អៗបន្ថែមទៀតពាក់ព័ន្ធនឹងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខណៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនអាចដូចគ្នានឹងលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិនោះទេ។

សម្ដេចក្រឡាហោម អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ទៀតថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយទន្ទឹមគ្នានេះ សម្រាប់ខេត្តបាត់ដំបងផ្ទាល់ នៅក្នុងការបោះឆ្នោតជាតិខាងមុខ ក៏អាចនឹងមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតឃុំ សង្កាត់ដែរ ជាពិសេសក្រុមប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយសម្ដេចបានណែនាំឱ្យរចនាសម្ព័ន្ធពាក់ព័ន្ធរបស់គណបក្សបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលសំឡេងគាំទ្រពីប្រជាពលរដ្ឋទាំងនោះបន្ថែមទៀត។

សម្ដេចបានសង្កត់ធ្ងន់ទៀតថា«តើយើងនៅមានបញ្ហាអ្វីខ្លះទៀតដែលនៅសេសសល់? អាចនិយាយជាសរុបថាបញ្ហាដែលយើងចាត់ទុកថាវាមិនទាន់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ តើវានៅសល់បញ្ហាអ្វីទៀត នោះហើយជាបញ្ហាដែលយើងត្រូវតែមើលឱ្យឃើញ ហើយរួមគ្នាដោះស្រាយឱ្យបាន ដូចជាការរំលោភ ការបំពាន ប៉ះពាល់ទៅដល់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ នេះជាបញ្ហាធំធ្វើឱ្យមានភាពអយុត្តិធម៌ អាចបង្កភាពមិនសប្បាយចិត្ត ហើយមិននាំឱ្យមានការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់យើង។ ដូច្នេះត្រូវរកភាពអសកម្ម រកបញ្ហាទាំងនោះឱ្យឃើញ ហើយនាំគ្នាដោះស្រាយ»។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់ឱកាសជូនតំណាងគណបក្សដែលអញ្ជើញមកពីបណ្ដា ឃុំ សង្កាត់ មួយចំនួនក្នុងខេត្តបាត់ដំបង ឡើងថ្លែងពីបទពិសោធន៍ដែលបានជួបប្រទះក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ ពិសេសបទពិសោធនៃកិច្ចខិតខំប្រឹងប្រែងក្រសោបយកសន្ដានចិត្តគាំទ្រពីប្រជាពលរដ្ឋ និងការជួបបញ្ហាប្រឈមនានា។ សម្ដេចក៏បានចូលរួមផ្ដល់ទស្សនាទានបន្ថែមភ្ជាប់ទៅនឹងការថ្លែងរបស់តំណាងគណបក្សនៅតាមមូលដ្ឋានទាំងនោះផងដែរ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទានបន្ថែមទៅកាន់អង្គប្រជុំ អំពីគុណតម្លៃនៃសុខសន្តិភាព និងស្ថិរភាពជាតិ ការខិតខំអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កិច្ចខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលសមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សគ្រប់លំដាប់ថ្នាក់ជាមួយរាជរដ្ឋាភិបាល ទាំងការបំពេញការងារស្នូលក្នុងនាមជាមន្រ្តីរាជការសាធារណៈ និងការបំពេញការងារក្នុងក្របខណ្ឌគណបក្សដើម្បីបំរើជាតិ និងបំរើប្រជាជន។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាវិបត្តិជាសាកលនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បាននិងកំពុងតែបន្តរំខានដល់ជីវភាពប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះសម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គប្រជុំយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងសំណើរ សំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានា ដូចជាការងារផ្ដល់ និងទទួលសេវាលិខិតស្នាម និងការបែងចែកបក្សពួកជាដើម។
សម្ដេចក៏បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតជូនកិច្ចប្រជុំឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រសើររបស់តួអង្គសំខាន់ៗទាំង៥នៅមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មេប៉ុស្ត៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ អនុភូមិ និងមណ្ឌលសុខភាពឃុំ សង្កាត់។ សម្ដេចក៏បានណែនាំឱ្យចិត្តទុកដាក់ផ្ដល់ការគាំទ្របន្ថែមទៀតដែរដល់លោកគ្រូអ្នកគ្រូនៅតាមមូលដ្ឋានឃុំ សង្កាត់។ ដោយឡែកពាក់ព័ន្ធនឹងការងារបោះឆ្នោតវិញ សម្ដេចបានណែនាំឱ្យគណបក្សខេត្តបាត់ដំបងគ្រប់រចនាសម្ព័ន្ធ ខិតខំពង្រឹងបន្ថែមទៀតនូវគុណភាពសមាជិកគណបក្ស។

មានប្រសាសន៍អំពីដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខ សម្ដេចក្រឡាហោម ស ខេង បានណែនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរហូតដល់ឃុំ សង្កាត់ បន្តខិតខំប្រឹងប្រែងចិញ្ចឹមចលនាគណបក្សឱ្យបានកាន់តែរឹងមាំ និងមានគុណភាព និងបន្តសហការផ្ដល់ការគាំទ្រឱ្យបានខ្លាំងក្លាដល់រដ្ឋបាលមូលដ្ឋានឱ្យកាន់តែមានលទ្ធភាពច្រើនក្នុងកិច្ចការបម្រើប្រជាពលរដ្ឋ ពិសេសការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាគ្រោះមហន្តរាយធម្មជាតិជាដើម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។