ព័ត៌មានជាតិ

ក្រសួងសាធារណការចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ!

​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តបន្ទាប់ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។
យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ស្ពាន​ថ្នល់​ចិន (CRBC) បាន និង​កំពុង​ដំណើរការ​សាងសង់​មិន​ទាន់​បញ្ចប់​ទាំងស្រុង​ទេ ជា​ពិសេស​នៅ​មិន​ទាន់​បាន​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅឡើយ ។

បច្ចុប្បន្ន​ការ​ធ្វើ​ចរាចរ​យានយន្ត​របស់​សាធារណជន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ប្រើប្រាស់​ផ្លូវ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ ។

ដើម្បី​ជៀសវាង​ការ​រំខាន​ដល់​ដំណើរការ​សាងសង់​បញ្ចប់​គម្រោង​ទាន់​តាម​ពេលវេលា​ដែល​បាន​គ្រោងទុក និង​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ក្នុង​ការ​ធ្វើ​ដំណើរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​សាងសង់​បិទ​គ្រប់​ច្រកចេញ​-​ចូល ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ក្រៅពី​យានយន្ត​ដែល​បម្រើ​ការងារ​ឱ្យ​គម្រោង និង​យានយន្ត​មាន​តម្រូវការ​ចាំបាច់​ដែល​មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ ។
ក្រសួង​ថា ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ សូម​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប​ជា ព័ត៌មាន និង​យោគយល់​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។