ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ អំពាវនាវដល់ម្ចាស់អាជីវកម្មខាងពិធីការ ​យោគយល់​ ឬ​យកលេស​ទាមទារ​សំណង​ ​ពី​ម្ចាស់​កម្មវិធី

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានអំពាវនាវ​ដល់ ​ឯកឧត្តម​ លោកជំទាវ​ អ្នក​ឧកញ៉ា​ លោក​ឧកញ៉ា​ លោក​-លោកស្រី ​ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ​ភោជនីយដ្ឋាន​ ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ​ម្ចាស់​សម្អាងការ ​ម្ចាស់​អាជីវកម្ម​ចុងភៅ​ ម្ចាស់​អាជីវកម្ម​លក់​ភេសជ្ជៈ​ ផ្កា ​និង​សម្ភារ​នានា​ ក៏​ដូច​ក្រុមហ៊ុន​ ឬ​អាជីវករ ​ដែល​ផ្តល់​សេវាកម្ម​ផ្សេងៗ​ដល់​ការរៀបចំ​កម្មវិធី​ទាំងអស់​ ឲ្យ​យោគយល់​អធ្យាស្រ័យ​ និង​កុំ​កាត់​លុយ​ ឬ​យកលេស​ទាមទារ​សំណង​ នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី​ ដែល​បាន​កក់​ប្រាក់​ ព្រមទាំង​ជៀសវាង​ ការ​យក​ឱកាស​នេះ​ ដើម្បី​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​បង្ការ​ និង​ទប់ស្កាត់​ការ​រីក​រាល​នៃ​មេរោគ​កូ​វី​ដ ១៩ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។

ក្នុងសារអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការទទូចស្នើសុំខាងលើបានធ្វើឡើង ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ជា​ម្ចាស់​កម្មវិធី​ទាំងអស់​ ដែល​បាន​គោរព​ និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្លួន​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ ស​ម្តេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រី​ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០២០ ទាក់ទិននឹងការហាមប្រាមមិនឲ្យមានការប្រមូលផ្តុំ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​​ សង្ឃឹម​ទុកជាមុន​ថា ​​ម្ចាស់អាជីវកម្មខាងលើ​ ​នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​ នៃ​សេចក្តី​អំពាវនាវ​នេះ ​ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់​ និង​ឈរ​លើ​ស្មារតី​សាមគ្គី​ជាតិ​ ជា​ធ្លុងមួយ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ -១៩ ក្នុង​សហគមន៍​ជាក់​ជាមិនខាន​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។