ព័ត៌មានជាតិ

លោក សុខ លូ អញ្ជើញចុះពិនិត្យការរអិលដីបាក់ ស្រុតច្រាំងស្ទឹងសង្កែ ស្ថិតនៅភូមិស្ដីលើ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

(បាត់ដំបង) :នៅព្រឹក ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការរអិលដីបាក់ស្រុតច្រាំងស្ទឹងសង្កែ ស្ថិតនៅភូមិស្ដីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលរងការខូចខាតមានប្រវែងប្រមាណ២០០ម៉ែត្រ ដែលបង្កឡើងដោយគ្រោះធម្មជាតិភ្លៀងធ្លាក់ច្រើនបណ្ដាលឱ្យទឹកហូរបុកច្រោះទីតាំងខាងលើនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានមានប្រសាសន៍ណែនាំដល់មន្រ្តីជំនាញឱ្យធ្វើការជួសជុលផ្លូវ ដោយកំណត់ឲ្យក្រុមហ៊ុន​ទទួលខុសត្រូវការងារសាងសង់ ត្រូវបុកគ្រឹះនៅទីតាំងដែលកំពុងបាក់ស្រុតខ្លាំងដើម្បីទប់ស្កាត់ការបាក់បន្តទៀតដើម្បីជួយសម្រួលឱ្យបានប្រើប្រាស់ ជាបណ្តោះអាសន្នសិន និង ដើម្បីធ្វើការទប់ស្កាត់ ពីការរអិលបាក់ដីច្រាំងស្ទឹងបន្តកើតមាននៅកន្លែងនេះបន្ថែមទៀត ដែល វាអាចបង្កកាន់តែធ្ងន់ធ្ងរ ។

លោកអភិបាលខេត្ត ក៏បានជម្រុញដល់រដ្ឋបាលស្រុកឯកភ្នំ មេឃុំនៅ
ទីនោះ ត្រូវដាក់ស្លាកសញ្ញាប្រុងប្រយ័ត្ន ពីការធ្វើដំណើរនិងបើកបរយានជំនិះគ្រប់ប្រភេទ ឲ្យគេបានដឹង និងប្រុងប្រយ័ត្នខ្ពស់ នៅទីនេះ ចៀសវាងការគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងបានណែនាំដល់ អភិបាលស្រុកឯកភ្នំត្រូវហាមប្រាមឡានដឹកទំនិញធុនធំដាច់ខាតដោយមិនឲ្យបើកបរឆ្លងកាត់ដឹកកសិផល លើផ្លូវនេះទៀតទេ។ ជាមួយគ្នានេះក៏ត្រូវមានវិធានការរដ្ឋបាល និងត្រូវហាមឃាត់មិនឲ្យមានការសាងសង់សំណង់ឬលំនៅដ្ឋានថ្មីៗខុសច្បាប់ នៅតាមមាត់ស្ទឹងដែលកំពុងកើតមាននៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ ៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។