ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

(ភ្នំពេញ) :នៅវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញទៅចូលរួម ជាអធិបតីរួមជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិធីនេះបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានឯកអគ្គរាជទូតអូស្រ្តាលី តាមរយ: AusAid, CAVAC and Agri-food Investment Dest (AfiD)។ ពិធីក៏មានវត្តមានឯកឧត្តមឯកអគ្គរាជទូត រដ្ឋទូត លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីជានាយកក្រុមហ៊ុនដែលឈានមុខក្នុងវិស័យកសិ-ចំណីអាហារ និងវិស័យឯកជនជាច្រើនទៀត។

ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រនូវមតិរបស់ឯកឧត្តម សុខ ចិន្តាសោភា និងឯកឧត្តម PABLO KANG ដែលបានបង្ហាញពីជោគជ័យនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រួមទាំងការជួយគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីក្នុងការបង្កើតនូវយន្តការសម្របសម្រួលតុវិនិ យោគលើវិស័យកសិ-ចំណីអាហារ។ ព្រមជាមួយគ្នា លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើរពីគ្រប់ដៃគូពាក់ព័ន្ធ ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីដែលបានគាំទ្រទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:ចូលរួមអបអរសាទ និងគាំទ្រក្នុងពិធី “ប្រកាសឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ” នាពេលនេះ ហើយលោកសង្ឃឹមថាកិច្ចដំណើរការនេះប្រាកដជានឹងផ្តល់ផលមកវិញនូវកំណើននៃការវិនិយោគលើវិស័យកសិ-ចំណីអាហារ ព្រមទាំងចូលរួមចំណែកដល់ការអនុវត្តគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏កសិ-ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៩-២០៣០ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធិឲ្យឃើញថា វិស័យកសិកម្មបាននិងកំពុងមានការអភិវឌ្ឍ ដោយបានផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ សុវត្ថិភាព និងបង្កើនភាពប្រកួតប្រជែង។ ព្រមជាមួយគ្នា យើងក៏ទទួលស្គាល់ថាវិស័យឯកជន នៅជួបប្រទះបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយមានជាអាទិ៍៖ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ ទូរត្រជាក់ បញ្ហាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី និងឡូជីស្ទីក នៅមានការខ្វះខាត មិនបានឆ្លើយតបតាមសេចក្តីត្រូវការជាក់ស្តែង ហើយទាមទារចាំបាច់ត្រូវធ្វើការគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាបន្តបន្ទាប់។ លោកបានបន្តថាពិធីនេះ គឺពិតជាបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាទាំងឡាយ ទាំងពួងដែលពាក់ព័ន្ធនឹងការសម្រួលដល់ការវិនិយោគលើផ្នែកកសិ-ចំណីអាហារ ក៏ដូចជាជួយដល់វិស័យកសិ-ឧស្សាហកម្មផងដែរ ហើយជាប្រាកដកិច្ចការរបស់យើងដែលនឹងត្រូវធ្វើចាប់ពីពេលនេះ ក៏នឹងគាំទ្រដល់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី”។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះដៃគូពាក់ព័ន្ធដែលបាននិងកំពុងបន្តចូលរួមគាំទ្រ និងសហការក្នុងការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រឹងយន្តការផលិត ផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណ ភាពសុវត្ថិភាពផលិតផលកសិកម្មដែលផលិតតាមស្តង់ដារ ការអនុវត្តកសិកម្មល្អកម្ពុជា ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកពាក់ព័ន្ធទាំងអស់ ពិសេសពីអ្នកបរិភោគក៏ដូចជាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាធានាបាននូវបរិមាណផលិតផលកសិកម្មដែលផ្គត់ផ្គង់ ប្រកបដោយគុណភាព សុវត្ថិភាព និងមានប្រភពច្បាស់លាស់។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំណរគុណចំពោះគម្រោង CAVAC និងរដ្ឋាភិបាលអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើការសម្របសម្រួលវិនិយោគផ្នែកកសិ-ចំណីអាហារនេះដែលជាការរួមចំណែកមួយដើម្បី “ប្រែក្លាយកសិករយើងទៅជាកសិ-សហគ្រិន” ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។