ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះនៅអគារ ព្រីនស៍ ផ្លាហ្សា ជាន់ទី៣៤ សមត្ថកិច្ចជួយអន្តរាគមន៍សង្គ្រោះមនុស្សទាន់ពេលវេលា!

ភ្នំពេញ៖ រយៈពេលជាង១ម៉ោងកន្លះ តាំងពីវេលាម៉ោង៩និង១០នាទីយប់ រហូតដល់ម៉ោង១០ជាង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបអាចគ្រប់គ្រង គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះអគារ ព្រីនស៍ ផ្លាហ្សា ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងកត់ស្លុតយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកស្នាក់នៅក្នុងអគារជាន់ទី៣៤នេះតែម្ដង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះអគារ ព្រីនស៍ ផ្លាហ្សា ដែលស្ថិតនៅជាន់ទី៣៤ ដោយនៅក្នុងអគារខាងលើនេះ ជាប្រភេទអគារខុនដូរ មានមនុស្សស្នាក់នៅក្នុងនោះ។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍ ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យប្រភេទជណ្តើរប្រវែង ៥៤ម៉ែត្រផងដែរ។

លោក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញរបស់យើងបានធ្វើការជួយសង្គ្រោះមនុស្សប្រុសស្រី ៣នាក់ដែលបានជាប់គ្រាំនៅក្នុងបន្ទប់ ជាន់ទី៣៤ ដែលជាទីតាំងឆាបឆេះ ព្រមទាំងខូចខាតទ្រព្យសម្បតិ្តក្នុងបន្ទប់អស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឺកអស់ ១ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឺក, រថយន្តសួនកាណាឌីយ៉ា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តទីក្រុង នរា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក។ ដោយសារតែនៅទីតាំងអគារខាងលើនេះ មានប្រព័ន្ធការពារ និងប្រព័ន្ធទឹក ក្នុងមន្ត្រីជំនាញបានយកសម្ភារៈរបស់ការិយាល័យអគ្គិភ័យយើងឡើងតាមជណ្តើរថ្មើរជើងតាំងពីជាន់ទី១ រហូតដល់ជាន់ទី៣៤ ដើម្បីប្រើប្រាស់ក្នុងការបាញ់ពន្លត់អគ្គិភ័យខាងលើនេះ។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា សម្ភារៈនៅក្នុងបន្ទប់អគារលេខ ៣៤១៧ ត្រូវបានបំភ្លេចបំផ្លាញអស់ទាំងស្រុង រឺឯ ព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។