ព័ត៌មានជាតិ

ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានចាប់ផ្តើមចែកជូនដល់បងប្អូនអាជីវករផ្សាលើធំថ្មី

(សៀមរាប)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោកអភិបាលរងក្រុង នាយករដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន សមាជិក ស.ស.យ.ក និងអ្នកពាក់ព័ន្ធ បាននាំយកម៉ាសចំនួន ៩.០០០ម៉ាស ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចែកជូនដល់អាជីវករ ផ្សាធំថ្មី បងប្អូនលក់ដូរជុំវិញផ្សាថ្មី អ្នកបើកបរម៉ូតូ កង់បី ម៉ូតូឌុប ដើម្បីយកទៅប្រើប្រាស់ជាប្រចាំថ្ងៃ។

នាឱកាសចែកនេះដែរ លោកអភិបាលរងខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញើដល់បងប្អូនអាជីវករ ទាំងអស់ឲ្យចូលរួមពាក់ម៉ាស ធ្វើអនាម័យ និងរស់នៅស្អាតទាំងអស់គ្នា ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីអាជ្ញាធរខេត្ត។

សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខេត្តមិនបានព្រងើយកន្តើយ លើវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលក្នុងសហគមន៍។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមពរយ៉ាងទទូចដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖
១. កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
២. កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ


៣. កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៃការឆ្លងជំងឺកូវីដចូលដល់សហគមន៍ ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ដល់រដ្ឋបាលខេត្តសៀមរាបនូវម៉ាសចំនួន ១លាន សម្រាប់ចែកជូនប្រជាពលរដ្ឋ និងថវិកា ៨០លានរៀល សម្រាប់ផ្តល់ជូនប្រជាជនក្រីក្រដែលធ្វើចត្តាឡីស័ក្ត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។