ព័ត៌មានជាតិ

ពាណិជ្ជករ​វ័យ​ចំណាស់​ម្នាក់ត្រូវអាវុធហត្ថចាប់ខ្លួន​បញ្ជូនទៅតុលាការ ពាក់ព័ន្ធ​រឿង​.!

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ជា​ពាណិជ្ជករ​វ័យ​ចំណាស់​ម្នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​រឿង​ដាក់​តម្កល់​ប្រាក់​ប្រមាណ​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ។

បុរស​វ័យ​ចំណាស់​រូប​នោះ​មានឈ្មោះ ហោ ស៊ី​ម​លាង អាយុ​៦៤​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​១២១ ផ្លូវ​លេខ​៣៤៨ សង្កាត់​ទ​ទល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។
តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក ញឹ​ម ពិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​ឈ្មោះ ហោ ស៊ឹ​ម លាង ដោយ​បាន​បញ្ជាក់​ថា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ ដែល​បទល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

ដោយ​ឃើញ​ថា ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លេខ ២៤១០ “​ល​” ដ​.​ព​.​ស ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​កាតព្វកិច្ច​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ហោ ស៊ឹ​ម​លាង គោរព​កាតព្វកិច្ច​ត្រូវ​ដាក់​ប្រាក់​តម្កល់​ខ្លួន​ចំនួន ៦០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គិត​ពី​ថ្ងៃ​ចេញ​ដីកា​នេះ​ទៅ ។

ដីកា​សម្រេច​នេះ ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​ទុកជា​បានការ​ដដែល តាម​សាលដីកា​លេខ ៥៤ ក្រ ឃ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ ហោ ស៊ី​ម​លាង មិន​បាន​អនុវត្ត​កាតព្វកិច្ច​យក​ប្រាក់​មក​ដាក់​តម្កល់​តាម​ដីកា​សម្រេច​​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ខាងលើ​នោះ​ទេ តាម​ហេតុផល​នេះ បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​បាន​គេចវេស​ដោយ​ចេតនា​ពី​កាតព្វកិច្ច នៃ​ការ​ត្រូវ​ពិនិត្យ​តាម​ផ្លូវ​តុលាការ ទើប​គប្បី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឲ្យ​ប្រធាន​ពន្ធនាគារ​ទទួល​ឃុំខ្លួន​ជន​នេះ ។
សរុប​ឲ្យ​ខ្លី​មក​វិញ ប៉េ​អឹ​ម​ចាប់ខ្លួន​ពាណិជ្ជករ​រូប​នោះ បញ្ជូន​ទៅ​តុលាការ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន គឺ​ពាក់ព័ន្ធ​រឿង​មិន​គោរព​កាតព្វកិច្ច​ដាក់​តម្កល់​ប្រាក់​ចំនួន​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នៅ​តុលាការ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។