ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកសំឡូត ខេត្តបាត់ដំបង

(បាត់ដំបង):នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា រួមទាំងក្រុមការងារ បានអញ្ជើញដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុប ចំនួន២៨៨៦នាក់ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅបរិវេនបញ្ជាការកងការពារព្រំដែនលេខ ៥០២ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរស្រុកសំឡូត មេបញ្ជាការកងការពារព្រំដែនលេខ៥០២ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ លោកជំទាវមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងបងប្អូនកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកសំឡូត ខេត្តបាត់ដំបងដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរមុននឹងពិនិត្យព្យាបាល។

ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លទ្ធផលនៃការព្យាបាល រួមមាន: ការវះកាត់តូច ចំនួន៣៦នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៧១នាក់, ពិនិត្យជំងឺទូទៅចំនួន១១៥០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៨៦នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២១០នាក់, ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់ , អប់រំសុខភាពដល់ប្រជាជនចំនួន១៧០០នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។