ព័ត៌មានជាតិ

សម្ដេច ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​​អចិន្ត្រៃយ៍​​រដ្ឋសភា​ នាព្រឹកថ្ងៃទី២៥​ កក្កដា​ នេះ

(ភ្នំពេញ) :សម្ដេចអគ្គមហា​​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នាព្រឹកថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ​២​០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​​អចិន្ត្រៃយ៍​​រដ្ឋសភា នៃព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា​ ដេីម្បីធ្វើការពិភាក្សា និងអនុម័តទៅលេីរបៀបវារៈ មួយចំនួនដូចជា៖
​១- ពិនិត្យលេីសំណេីសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំ​រដ្ឋសភា​​លើក​ទី៧ នីតិកាលទី៦ ដែលមានដូចខាងក្រោម៖
​- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា និង​មាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិ។
​- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ​កម្ពុជា​ចូលជា​ភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្ន​វិទ្យុ​សកម្ម។
​​- សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
​- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល​នៃតំបន់​សេដ្ឋកិច្ច​ពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា​ពាក់ព័ន្ធ​នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃ​សាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ​នឹង​ពន្ធលើប្រាក់ចំណូល។
​២- ការពិនិត្យ​ និងសម្រេចសេចក្តីព្រាងរបៀបវារៈចំនួន៥​ និង កំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។