ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

(ភ្នំពេញ) :នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យដឹងថាវគ្គបណ្ដុះបណ្ដាលសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នេះជាការអនុវត្តតាមកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍធនធានមនុស្សក្រសួងមហាផ្ទៃ ពិសេសស្របតាមការយកចិត្តទុកដាក់ពី សម្ដេចក្រឡាហោម ចំពោះថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងនឹងជំនាញនគរបាល។ ឯកឧត្តម ឱ្យដឹងទៀតថាសិក្ខាកាមទាំង២វគ្គនេះ បានចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន១១៩នាក់ ស្រី២នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បន្តថាវគ្គបណ្ដុះបណ្ដាលនេះ បានតម្រង់ទិសសិក្ខាកាមឱ្យទទួលបានចំណេះដឹងនិងជំនាញវិជ្ជាជីវៈក្នុងការបំពេញតួនាទីជាថ្នាក់ដឹកនាំ ទាំងលើជំនាញដឹកនាំ បញ្ជា សន្តិសុខ គ្រប់គ្រងកងកម្លាំង ថ្លែងសុន្ទរកថា ដឹកនាំកិច្ចប្រជុំ ធ្វើជំនួយស្មារតី ការងារពិធីការ ការគោរពគំនាប់ និងរបៀបបំពេញការងារ និងការអប់រំឱ្យមានអត្តចរិតល្អ អត់ធ្មត់ ស្មោះត្រង់ ក្លាហានមុះមត់ គោរពវិន័យ ច្បាប់ ឋានានុក្រម ការចេះធ្វើការងារជាក្រុម និងការងារទំនាក់ទំនងជាអន្តរបុគ្គល។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋាននានា អង្គភាព មន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឱ្យទទួលបានជោគជ័យ បន្ថែមលើអ្វីដែលបណ្ឌិត្យសភានគរបាលបានធ្វើជាច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលជាតិ ដើម្បីធានាដល់កិច្ចប្រតិបត្តិការនិងការបំពេញបេសកកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនជាតិ និងប្រជាជន។

សម្ដេចក្រឡាហោម ស ខេង បានយកឱកាសនេះរម្លឹកឡើងវិញនូវអ្វីដែលសម្ដេច ធ្លាប់បានគូសបញ្ជាក់ អំពីការងារកំណែទម្រង់នគរបាលជាតិ ដូចជាការជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលឱ្យបានត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ការបណ្ដុះបណ្ដាលនិងបញ្ចូលក្របខណ្ឌ ការតែងតាំងនិងប្រគល់ភារកិច្ច រួមទាំងការតម្លើងស័ក្ដិនិងការដាក់វិន័យជាដើម។ សម្ដេច បន្តថាការបណ្ដុះបណ្ដាលសម្រាប់ថ្នាក់ដឹកនាំមន្រ្តីនគរបាលដូចដែលទើបតែបញ្ចប់នេះ ត្រូវតែបន្តដំណើរការទៅមុខទៀត ពីព្រោះគ្មានជម្រើសអ្វីក្រៅពីការរៀនសូត្រនោះទេ។

ពាក់ព័ន្ធនឹងភាពចាំបាច់នៃការឆ្លងកាត់ការបណ្ដុះបណ្ដាលនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការបណ្ដុះបណ្ដាលនេះ ម្យ៉ាងគឺដើម្បីមុខមាត់យើងម្នាក់ៗកុំឱ្យពាក់ផ្កាយតែអត់បានរៀនប៉ូលិស ដែលអាចធ្វើឱ្យបាត់តម្លៃ និងកិត្តិយស ហើយថាការបណ្ដុះបណ្ដាលនេះ ក៏ដើម្បីជាគម្រូសម្រាប់កូនចៅជាមន្រ្តីនគរបាល។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការបណ្ដុះបណ្ដាលនេះគឺជាការឆ្លើយតបតាមគោលការណ៍ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិយើង ជាកម្លាំងមានចំណេះ និងជំនាញពិតប្រាកដ មានសីលធម៌ និងគុណធម៌។

សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើសិក្ខាកាមថាបន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះទៅ ក៏មិនមែនមានន័យថាបានរៀនហើយក៏ចប់ដែរ ប៉ុន្តែត្រូវរៀនបន្តដោយរៀនលើការងារជាក់ស្ដែង ទោះជាធ្លាប់បានធ្វើការងារជាក់ស្ដែងហើយក៏ដោយ តែក្រោយពីរៀននេះទៀត មន្រ្តីម្នាក់ៗក៏អាចមានគំនិតថ្មីៗលើការបន្តការងារជាក់ស្ដែងថែមទៀតដែរ។ សម្ដេច បន្ថែមថាការរៀនសូត្រចប់សព្វគ្រប់នេះ ក៏មិនមែនមានន័យថាត្រូវតែទទួលបានការតាំងឬឋានៈនោះដែរ ប៉ុន្តែគឺអាស្រ័យទៅលើការអនុវត្តការងារ សីលធម៌ គុណធម៌ កិត្តិយស។

ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្ថានការណ៍ពិភពលោក ការប្រយុទ្ធប្រឆាំងគ្រឿងញៀន បទល្មើសសម្អាតប្រាក់ និងអំពើជួញដូរមនុស្ស កិច្ចសហប្រតិបត្តិការប្រគល់និងទទួលពលរដ្ឋខ្មែរដែលបញ្ជូនមកពីអាមេរិក ការគ្រប់គ្រងជនបរទេសនៅកម្ពុជា និងការងារមួយចំនួនពាក់ព័ន្ធដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ការទទួលធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២នេះ និងការឈានទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។