ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមយុវតី “អប្សរា២៥ដួង” បានចុះជួយសរសេរប្រវត្តិរូបជូនជនមានពិការភាពភ្នែក ចំនួនជិត២០០នាក់! (វីដេអូ)

(ភ្នំពេញ) ÷នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយយុវតី “អប្សរា២៥ដួង” ដែលជាក្រុមរបាំជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អបអរទិវាវប្បធម៌ជាតិ៣មីនាឆ្នាំ២០២០ សរុបក្រុមការងារមានចំនួន២៤នាក់ ក្នុងការចុះជួយបំពេញបែបបទ និង ប្រវត្តិរូប ជូនជនមានពិការភាពភ្នែក និងកាយសម្បទា ចំនួនជិត២០០នាក់ នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធបោះឆ្នោតនាពេលខាងមុខ។ សកម្មភាពទាំងនោះរួមមាន ការសម្រួលការចល័តទីរបស់ជនពិការដោយការដឹកដៃនាំផ្លូវ ការសាកសួរព័ត៌មាន ការចម្លងអត្តសញ្ញាណប័ណ្ណ ការជួយបិទរូបថត ការជួយសរសេរប្រវត្តិរូប ការជួយផ្តិតមេដៃ និង ការជួយបាញ់អាល់កុលលាងសម្អាតដៃជូនដល់ពួកគាត់ដើម្បីបង្ការការរីករាលដាលនៃការចម្លងមេរោគកូវីដ19 ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា សកម្មភាពនេះប្រព្រឹត្តឡើងដើម្បីជួយដល់ជនមានពិការភាព នៅសមាគមតន្ត្រីសំនៀងជនពិការដែលមាន លោក ចាប តូ (ជនមានពិការភាពភ្នែក) ជាប្រធាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ជាប្រធានកិត្តិយស ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។