ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតិឲ្យមេបញ្ជាការវរសេនាធំ បញ្ជាការដ្ឋានពិសេសទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតិឲ្យលោក ឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំ បញ្ជាការដ្ឋានពិសេសទ័ពហ្វីលីពីន និងប្រតិភូ ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រតិភូមកកម្ពុជា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ពិសេសលើការងារហ្វឹកហ្វឺនប្រឆាំងភេរវកម្ម។

លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានបញ្ជាក់ថាតាមរយ:ការផ្ដួចផ្ដើមសកម្មភាពហ្វឹកហ្វឺនរួមគ្នានេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានពិភាក្សានិងឯកភាពកន្លងមកជាមួយឧត្តមសេនីយ៍ឯក Macairog Alberto និង ឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីតមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីធ្វើយ៉ាងណាបើកច្រកឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី នៃកងទ័ពទាំងពីរឱ្យកាន់តែទូលំទូលាយ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះកងទ័ពហ្វីលីពីន ដែលកន្លងមកបានជួយធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយនាយឧត្តមសេនីយ៍បញ្ជាក់ថា នេះគឺជាការជ្រើសរើស និងសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំឭកឱ្យដឹងថា កម្ពុជានិងហ្វីលីពីន ធ្លាប់មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងជាប្រពៃណីជាមួយគ្នាតាំងពីទសវត្សរ៍ទី១៦ ហើយបានបង្កើតនូវទំនាក់ទំនងការទូតជាមួយគ្នានៅក្នុងខែសីហា ឆ្នាំ១៩៥២ និងបានភ្ជាប់ទំនាក់ទំនងសារជាថ្មីនៅក្នុងអំឡុងឆ្នាំ១៩៩៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តថា ក្រៅពីការសម្រេចបានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងក្រសួងការពារជាតិប្រទេសទាំងពីរក្នុងឆ្នាំ២០១៧ ជាបន្តបន្ទាប់ហ្វីលីពីនបានជួយបណ្ដុះបណ្ដាលកងយោធពលខេមរភូមិន្ទលើជំនាញសេនាធិការ ជំនាញភស្តុភារ ថ្មើរជើង និងជំនាញផ្សេងៗទៀត ហើយថ្មីៗនេះកងពលតូចលេខ៧០ ក៏បានសហការជាមួយកងទ័ពហ្វីលីពីន ក្នុងការរៀបចំផែនការហ្វឺកហ្វឺននាពេលខាងមុខនេះផងដែរ។

ក្រៅពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរទស្សនកិច្ចរវាងកងទ័ពកម្ពុជា-ហ្វីលីពីន នាពេលកន្លងមក ដែលនាំមកនូវផ្លែផ្កា និងផ្តល់សារៈសំខាន់បំផុតដល់ការពង្រឹងសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។