ព័ត៌មានជាតិ

រដ្ធបាលខេត្តសៀមរាប បើកព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គដែលមានប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម

(សៀមរាប) :ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមកីឡាករវ័យចំណាស់ ព្រមទាំង ចូលរួមក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប​ ស្ថិតនៅឃុំកណ្តែក​ ស្រុកប្រាសាទបាគង​(ស្វាយធំ) ដោយមានការចូលរួមពីកីឡាករវ័យចំណាស់ថៃ ឡាវ ចំនួន ១១០នាក់ និងកីឡាករវ័យចំណាស់វៀតណាម ចំនួន ២០នាក់។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីពង្រីកនូវសក្តានុពលទេសចរណ៍សំបូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះ មាន ៦ក្រុមក្នុងកម្ពុជាមាន១ក្រុម ថៃ ៣ក្រុម វៀតណាម ១ក្រុម និងឡាវ ១ក្រុមដោយបែងចែកជាពីរពូល ក្នុងនោះពូលA មានកម្ពុជា ឡាវ និងថៃ២ ហើយពូលB មានវៀតណាម ថៃ១ និងថៃ៣។

ជាមួយនឹងការប្រកួតនេះ សូមបងប្អូនអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យកីឡារទេសចរណ៍ឱ្យបានទូលំទូលាយថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។