ព័ត៌មានជាតិ

ផលិតកម្មដំណាំស្រូវដែលបានស្ដារឡើងវិញ នៅតាមបណ្ដាលខេត្ត បាននិងកំពុងដុះលូលាស់យ៉ាងល្អ ដោយអនុវត្តការណែនាំរបស់ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

(ភ្នំពេញ) ÷ផលិតកម្មដំណាំស្រូវដែលបានស្តារឡើងវិញ នៅតាមបណ្តាខេត្តដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ក្នុងរយ:ពេលកន្លង បាននិងកំពុងដុះលូលាស់យ៉ាងល្អ។ អនុវត្តតាមការណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល ពីថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០ ២០ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង រួមជាមួយមន្រ្តីជំនាញរបស់ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះមកពិនិត្យសកម្មភាពជាក់ស្តែងរបស់កសិករ ជីម អាន អាយុ ៥៥ឆ្នាំ រស់នៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ដែលកំពុងចុះស្រែមើលថែរទាំ និងបាចជីបំប៉នលើកទី១ លើដំណាំស្រូវរបស់គាត់ចំនួន ៤ហ.ត។ លោកពូ ជីម អាន គឺជាកសិករមួយរូបក្នុងចំណោមកសិករ ១០ ៥០០គ្រួសារ ដែលបានទទួលពូជស្រូវចំនួន ១០០ គ.ក្រ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបងកាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងមក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ពិនិត្យឃើញជាក់ស្តែង នៅពេលនេះលោកពូ ជីម អាន កំពុងជួបបញ្ហាខ្យងមាសឈ្លានពាន វាយលុក និងស៊ីបំផ្លាញដំណាំស្រូវដែលកំពុងលូតលាស់ល្អប្រសើរ។ ដំណោះស្រាយចំពោះបញ្ហានេះ ក្រុមការងារបានផ្តល់ការណែនាំសាមញ្ញៗ ដោយមិនចាំបាច់ចំណាយថវិកាច្រើនសម្រាប់កម្ចាត់សត្រូវនេះ (សត្វខ្យងមាស) ដូចជា៖
១- ជីករណ្តៅដាក់សំបកខ្នុរទុំ និងដាក់បង្គោលឬស្សីឲ្យខ្យងទម្លាក់ពង ហើយប្រមូលយកទៅបំផ្លាញចោល ឬឲ្យសត្វទា មាន់ស៊ី។
២- មិនគួរប្រើប្រាស់ជីដែលមានសារធាតុអាសូតច្រើន ព្រោះការប្រើប្រាស់ជីពពួកអាសូតលើសអាចជាកត្តាបណ្តាលឲ្យស្រូវកើតជំងឺប្លាស់ និងកើតពពួកមមាច។
៣- ក្នុងករណីដែលពិនិត្យឃើញវត្តមានពពួកមមាចសូមទាក់ទង និងរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញដើម្បីចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលា។
៤- ក្រុមការងារបានផ្តល់ជូនសៀវភៅណែនាំស្តីពីវិធានការចម្រុះ គ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវផងដែរ។

កសិករ ជីម អាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងបានផ្តល់ជាពូជស្រូវ ព្រមទាំងស្បៀងអាហារមួយចំនួន ដល់រូបគាត់ និងប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់កន្លងមក និងបានជូនពរឲ្យសម្តេច និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបតែពុទ្ធពរទាំង ៤ប្រការ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។