ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជាអធិបតិក្នុង ពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន ០៩ រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) :នៅរសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន ០៩ រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ដែលមានតួនាទីជានាយ នាយរង នាយផ្នែក នាយរងផ្នែក នៃខណ្ឌរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ និងប្រធាន អនុប្រធានការិយាល័យជំនាញ ចំណុះមន្ទីរ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តស្ទឹងត្រែង។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តមបានកោតសរសើរដល់មន្ត្រីរាជការទូទាំងខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់លើគ្រប់វិស័យ។ ឯកឧត្តម បានលើកទឹកចិត្តឲ្យបន្តនូវការឧស្សាព្យាយាម ធ្វើការផង រៀនផង បន្តលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន និងស្ថាប័នដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ទន្ទឹមនោះដែល ឯកឧត្តម អភិបាលខេត្ត បានវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការទាំង ៩រូប ដែលទទួលការតែងតាំង លទ្ធផលដែលលោក លោកស្រី ទទួលបាននាពេលនេះ កើតឡើងចេញពីការខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវលក្ខណៈសម្បត្តិទាំងបួនរបស់មន្ត្រីរាជការស៊ីវិល គឺឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។