ព័ត៌មានជាតិ

ពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង១០,៦៧៩គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង

(ព្រៃវែង) :នេព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង១០,៦៧៩គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់ មានសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែនេះ ដែលឆ្លងកាត់ឃុំជីផុច ឃុំព្រៃរំដេង និងឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ឆ្ពោះទៅព្រំប្រទល់ស្រុករមាសហែក ខេត្តស្វាយរៀង នាឱកាសនេះ និងសូមសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញជាអធិបតីបើកការដ្ឋាននាពេលនេះ។

ជាមួយគ្នានោះដែរ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដ៏ស្មោះចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីរាជការគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការទាំងអស់ ដែលបានចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ក្នុងការអនុវត្តការងារគម្រោងផ្លូវ១ខ្សែរនេះ សម្រេចបានជាផ្លែផ្កា និងបានដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផ្លាស់ប្តូរទំនិញ ជាពិសេស គោលដៅតភ្ជាប់ផ្លូវពីទីប្រជុំជនទៅជនបទ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

សារជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងចៅប្រុស ចៅស្រី សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ ឈ្នះអស់មាសត្រូវគ្រប់ទិសទី ដើម្បីរួមចណែកដឹកនាំ កសាងព្រះរាជាណាចក្រកម្ពុជា អោយកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត និងសូមជូនពរឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។