ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

FBI រកឃើញឯកសារសម្ងាត់អំឡុងការឆែកឆេរផ្ទះរបស់លោក Donald Trump

ភ្នាក់ងារ FBI បាន​រក​ឃើញ​ឯកសារ​ដែល​ត្រូវ​គេ​បិទ​ស្លា​កថា សម្ងាត់​បំផុត ពី​ផ្ទះ​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump នៅ​ក្នុង​រដ្ឋ Florida​។ នេះ​បើ​យោង​តាម​ឯកសារ​របស់​តុលាការ ដែល​បាន​ចេញផ្សាយ​បន្ទាប់​ពី​ចៅក្រម​សហព័ន្ធ​បើក​ដីកា​ដែល​អនុញ្ញាត​ឲ្យ​មានការ​ឆែកឆេរ​នៅ​ស​ប្តា​ហ៍​នេះ​។
ឯកសារ​ដែល​ត្រូវ​បាន​បើក​ដោយ​តុលាការ​កាលពី​ថ្ងៃ​សុក្រ ទី១២ សីហា​ម្សិលមិញ​នេះ បាន​បង្ហាញ​ថា ភ្នាក់ងារ FBI បាន​រក​ឃើញ​សំណុំ​ឯកសារ​ចំនួន១១​ ពី​ផ្ទះ​របស់​លោក Donald Trump អំឡុង​ការ​ឆែកឆេរ​ កាលពី​ថ្ងៃ​ចន្ទ​ ដើម​ស​ប្តា​ហ៍​នេះ ​។

ការ​ឆែកឆេរ​របស់ FBI លើ​លំនៅ​ដ្ឋា​ន​របស់​លោក Trump គឺ​ផ្អែក​លើ​ការ​សង្ស័យ​ពី​ការ​រំ​លោ​.​ភ​បំពាន​ច្បាប់​ចារកម្ម​អា​មេ​រិ​ក ទាក់ទង​នឹង​ការ​រក្សា​ទុក​ឯកសារ​ការពារ​ជាតិ​ខុសច្បាប់​។

ឯកសារ​ដែល​ត្រូវ​បាន​រឹបអូស​នោះ​មួយ​ចំនួន​មាន​ដាក់​ស្លា​កថា​សម្ងាត់​បំផុត​។ កំណត់​ត្រា​របស់​តុលាការ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ​អំពី​ឯក​សារ ឬ​ព័ត៌មាន​ដែល​ពួក​គេ​អាច​មាន​។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ លោក Donald Trump បាន​អះអាង​ថា ឯកសារ​ដែល​ត្រូវ​បាន​រឹបអូស​ដោយ​ភ្នាក់ងារ FBI នៅ​ក្លឹ​ប Florida របស់​គាត់​គឺជា​ឯកសារ​ប្រកាស​ចំហ និង​បាន​លើក​ឡើង​ថា លោក​អាច​នឹង​ផ្ទេរ​ឯកសារ​ទាំងនោះ​ទៅ​កាន់​ក្រសួងយុត្តិធម៌​ប្រ​សិន​មានការ​ស្នើ​សុំ​។

លោក​បាន​សរសេរ​លើ​វេទិការ Truth Social ដូច្នេះ​ថា «ឯកសារ​លេខ ១ គឺជា​ឯកសារ​បើកចំហរ​។ លេខ ២ ពួក​គេ​មិន​ចាំបាច់​រឹបអូស​អ្វី​ទាំងអស់​។ ពួក​គេ​អាច​បាន​វា​គ្រប់ពេល​ប្រ​សិន​ពួក​គេ​ចង់បាន ដោយ​មិនបាច់​លេង​នយោបាយ និង​ទម្លុះ​ចូល​លំនៅ​ដ្ឋា​ន Mar-a-Lago»។

សូម​បញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិ​ក​ទាំងអស់​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់​កំណត់​ត្រា​ប្រធានាធិបតី (Presidential Records Act) ឲ្យ​ធ្វើការ​ផ្ទេរ​លិខិត ឯកសារ​ការងារ និង​អ៊ី​ម៉ែ​ល​ទាំងអស់​របស់​ពួក​គេ​ទៅ​កាន់​ទី​ទុក​ឯកសារ​ជាតិ (NA)​។
អតីត​ប្រធានាធិបតី​រូប​នេះ​ថ្លែង​ថា លោក​បាន​សហការ​ជាមួយ​គ្រប់​ភ្នាក់ងារ​រដ្ឋាភិបាល​ពាក់ព័ន្ធ ហើយ​ដូច្នេះ ការ​ឆ្មក់​ចូល​ផ្ទះ​របស់​គាត់​ដោយ​មិន​មានការ​ប្រកាស​ជា​បញ្ហា​មិន​សមរម្យ​។

លោក​ថ្លែង​ថា វា​ស្មើនឹង «​ការ​ប្រព្រឹត្ត​ខុស​របស់​រដ្ឋ​អាជ្ញា​» និង «​ការ​ប្រើ​អាវុ.ធ​នៃ​ប្រព័ន្ធ​យុត្តិធម៌​» ដើម្បី​រារាំង​គាត់​ពី​ការ​ឈរឈ្មោះ​ម្តងទៀត​។

«​ការ​បំពា​.​ន​បែប​នេះ​អាច​កើតឡើង​តែ​ក្នុង​ប្រទេស​បែកបាក់ មានការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ទាប​ប៉ុណ្ណោះ​។ គួរ​ឲ្យ​ស្តាយ ឥឡូវនេះ អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តាំង​នោះ ដែល​ពុក​រលួយ​ក្នុង​កម្រិត​មិន​ធ្លាប់​មាន​ពី​មុន​មក​»​។ «​ពួក​គ​ថែម​ទាំង​បំបែក​ទូរ​សុវត្ថិភាព​របស់ខ្ញុំ​ទៀត​»​។

បើ​យោង​តាម​សារព័ត៌មាន CBS News លោក Donald Trump កំពុង​ស្ថិត​នៅ​អគារ​របស់​គាត់​ក្នុង​ទីក្រុង New York នៅ​ពេល​មាន​សេចក្តីរាយការណ៍​ពី​ការ​ឆ្មក់​របស់​ភ្នាក់ងារ FBI៕ (​យោង​តាម​ប្រភព​៖ BBC & Aljazeera)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។