ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងដងទង់ ផ្កាប្រាក់សាមគ្គី និងស្រោចសុគន្ធវារីប្រគេនព្រះគ្រូរជោតិធម្មបាល យ៉ែម សុខ ព្រះចៅអធិការវត្តត្រពាំងក្រឡឹង

នៅក្នុងបរិវេណវត្តត្រពាំងក្រឡឹង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០ ២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ក់ ស៊ីថា និងសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងដងទង់ ផ្កាប្រាក់សាមគ្គី និងស្រោចសុគន្ធវារីប្រគេនព្រះគ្រូរជោតិធម្មបាល យ៉ែម សុខ ព្រះចៅអធិការវត្តត្រពាំងក្រឡឹង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមតំណាងរាស្រ្ត លោកឧកញ៉ា លោកជំទាវជាសប្បុរសជន ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈ កម្មការ យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្តត្រពាំងក្រឡឹង និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនពុទ្ធិបរិស័ទ និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺជួបតែពុទ្ធិពរទាំង ៤ប្រការ។ ចំពោះសមិទ្ធផលក្នុងវត្តត្រពាំងក្រឡឹង ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះអាជ្ញាធរខេត្ត ស្រុក សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងឡើងទុកជាទីគោរពសក្ការ: តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា។ ឆ្លៀតយកឱកាសបានមកជួបបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីវឌ្ឍនភាពនៃវិស័យកសិកម្ម ពិសេសសកម្មភាពការងារបង្កបង្កើនផលរដូវវស្សានៅទូទាំងប្រទេសជារួម និងដោយឡែកខេត្តកំពង់ស្ពឺ។

ពិធីបុណ្យប្រកបដោយភាពអធិអធម ពុទ្ធបរិស័ទក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នាធ្វើបុណ្យប្រកបដោយទឹកចិត្តសប្បាយរីករាយ។ ស្ថិតក្នុងបរិយាកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានលើក ឡើងអំពីតម្លៃដ៏ឧត្តុង្គឧត្តមនៃសុខសន្តិភាព ដែលបានមកដោយការលះបង់គ្រប់បែបយ៉ាងអស់រយ:ពេលជាង ៤០ឆ្នាំកន្លងមក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ដោយសារម្លប់សន្តិភាពនេះហើយធ្វើឲ្យសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់បងប្អូន មានការអភិវឌ្ឍជា បន្តបន្ទាប់ ប្រជាពលរដ្ឋទទួលបានសេចក្តីសុខ និងសុភមង្គល។ ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តីសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួម ថែរក្សា ការពារឲ្យបានគង់វង្សតរៀងទៅ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់សប្បុរសជន និងពុទ្ធបរិស័ទក្នុងឆន្ទ:ចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ ដូចជាកសាង-ជួសជុលផ្លូវលំ សាលារៀន អណ្តូងទឹក តំឡើងអំពូលសូឡាតាមទីសាធារណ: សាលារៀន រកទីកន្លែងចាក់សំរាម និងដាំកូនឈើក្នុងទីវត្តអារាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។