ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានបន្តដំណើរមកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់អ្នកបរិភោគ ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគីរី

អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមជ្រូកដែលមានស្តង់ដា ប្រព័ន្ធបិទជិត និងមានប្រព័ន្ធជីវសុវត្ថិភាព ធានាការឆ្លងរាលដាលជំងឺយ៉ាងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានបន្តដំណើរមកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់អ្នកបរិភោគ ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។

នៅចំពោះមុខដៃគូអភិវឌ្ឍដែលជាវិស័យឯកជន ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញឆន្ទ:គាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមានជាអាទិ៍ ÷ ផលិតចំណីសត្វ ការចិញ្ចឹមមាន់សាច់ មាន់ពង ជ្រូកពូជ ជ្រូកសាច់ ការផលិតអាហារមនុស្ស និងសត្តឃាតដ្ឋាន ដែលសកម្មភាពទាំងអស់នេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍអនុវិស័យផលិតកម្មសត្វ សាច់ និងម្ហូបអាហារដែលមានដើមកំណើតពីសត្វ ពិសេសរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារនៅមូលដ្ឋាន និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

មានមតិណែនាំឲ្យក្រុមហ៊ុនដែលមានសក្តានុពលលើផលិតកម្មចិញ្ចឹមសត្វ មាននិរន្តរភាពភាពក្នុងការផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុក ជាងនេះគឺក្រុមហ៊ុនឈានទៅបង្កើតសត្តឃាតដ្ឋានជ្រូកកម្រិតស្តង់ដាអនាម័យ សុវត្ថិភាពសាច់ និងម្ហូបអាហារសម្រាប់បម្រើឲ្យសេចក្តីត្រូវការទីផ្សារក្នុងស្រុកដែលមាននិន្នាការកើនឡើងជាលំដាប់ ឯកឧត្តមរដ្ឋមន្ដ្រីបានសំណូមពរឲ្យសត្តឃាតដ្ឋាននេះពង្រីកកំលាំងផលិត ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ ពិសេសតាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍។ អ្វីដែលក្រុមហ៊ុន ត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គឺបន្តធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេសចិញ្ចឹម ផលិតចំណីសត្វ ស្តង់ដាពិឃាតសត្វ និងការផលិតម្ហូបអាហារ ដើម្បីបង្កើនការយល់ដឹង ជឿទុកចិត្ត ព្រមទទួលយកនូវផលិតផលដែលយើងសហការផលិត និងឈានទៅធ្វើការនាំចេញ។

នាយកក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នសត្តឃាតដ្ឋានអាចពិឃាតជ្រូកបាន ៧តោន/ថ្ងៃ (៧០ក្បាល/ថ្ងៃ) យកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។ បច្ចុប្បន្នក្រុមហ៊ុនមានមេជ្រូកពូជសរុបទាំងអស់ ៤៨,០០០ក្បាល ក្នុងនោះបែងចែកចេញជា÷

១. កសិដ្ឋានជួលពីប្រជាកសិករមាន ២៥% ឬស្មើនឹង ១២.០០០ ក្បាល ។
២. កសិដ្ឋានគម្រោងលើកកម្ពស់កម្រិតជីវភាពកសិករមាន ៧៥% ស្មើនឹង ៣៦,០០០ ក្បាល មានគ្រួសារកសិករ ៣១គ្រួសារ។

ទាំងពីរចំណុចខាងលើ អាចផលិតកូនជ្រូកសាច់លក់ចែកចាយជូនអតិថិជនទូទៅបានចំនួន ១.៣០០.០០០ក្បាល/ឆ្នាំ ។

៣. មានរោងចិញ្ចឹមជ្រូកសាច់គម្រោងលើកកម្ពស់កម្រិតជីវភាពកសិករ ៨៣៣រោង កសិករសហការគម្រោង ២៣៨នាក់ អាចផលិតជ្រូកសាច់បានចំនួន ១.០០០.០០០ក្បាល/ឆ្នាំ ។

៤. មានកសិដ្ឋានជ្រូកសាច់ជាលក្ខណៈកសិដ្ឋានជួល ៤៨រោង អាចផលិតជ្រូកសាច់បានចំនួន
៥៧ ៦០០ក្បាល/ឆ្នាំ។

៥. ក្នុងមួយឆ្នាំក្រុមហ៊ុនប្រមូលទិញពោតបាន ៣០ម៉ឺនតោន និងដំឡូងមី ១០ម៉ឺនតោន សរុបទឹកប្រាក់ប្រហែល ១០០លានដុល្លារ សម្រាប់ទិញវត្ថុធាតុដើមក្នុងស្រុក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។