ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យ ការសាងសង់លូបង្ហូរទឹកថ្មី បន្ទាប់ពីលូចាស់ត្រូវរងការបាក់ស្រុត បណ្តាលឲ្យខូចខាតដល់ សួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យការសាងសង់លូ រំដោះទឹកចេញពីក្រុងកំពង់ចាម បន្ទាប់ពីលូចាស់ ទទួលរងការបាក់ស្រុត កាលពីពេលកន្លងទៅ។

តាមមន្ត្រីបច្ចេកទេស បានឲ្យដឹងថា ការសាងសង់លូថ្មីនេះ ត្រូវកាយជីកលូចាស់ ឲ្យដល់បាតលូចាស់ ដែលមានជម្រៅប្រមាណជាង៤ម៉ែត្រ និងត្រូវបុកគ្រឹះការពារការបាក់ស្រុតបន្តទៀត។

ចំគុណភាពសំណង់ ក្រុមការងារត្រៀមធ្វើការចាក់បេតុងក្រវ៉ាត់ប្រព័ន្ធលូថ្មី និងចាក់បេតុង គ្របពីលើមួយជាន់ទៀត មានប្រវែង៨០ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ទៅដល់ច្រាំងទន្លេ។ លូថ្មីនេះ ត្រូវប្រើប្រាស់ប្រព័ន្ធលូមុខ៣ ដែលមុខកាត់លូនីមួយៗទំហំ០,៨ ម៉ែត្រ និងសង់អណ្តូងលូបណ្តែត ចំនួន២ បន្ថែមទៀត ដើម្បីការពារការកកស្ទះផងដែរ។ បច្ចុប្បន្នការសាងសង់ប្រព័ន្ធលូថ្មីនេះ បានប្រមាណ៧០ភាគរយហើយ។

ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើរដល់អ្នកទទួលសាងសង់លូ ក៏ដូចក្រុមបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំ និងជៀសវាងការបាក់ស្រុត ឬហូច្រោះ ដែលអាចបង្កការខូចខាតដល់សំណង់ថ្មីនេះ និងបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ មានភ្លៀងធ្លាក់មួយ មេធំ បណ្ដាញឲ្យហូរច្រោះ បាក់លូរំដោះទឹកចេញពីក្រុងកំពង់ចាម មានទំហំ៧ម៉ែត្រ គុណ ១០ម៉ែត្រ នៅចំណុចមាត់ទន្លេស្ថិតនៅ ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។