ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង រៀបចំពិធីប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ចំនួន៤រូប !

(ព្រៃវែង) :នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ចំនួន៤រូប និងនាយករដ្ឋបាល១រូប ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំធំ “A” នៃសាលាខេត្តព្រៃវែង។

ពិធីនេះមានចូលការរួមពីសំណាក់ប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ ស្រុក ក្រុង ជាច្រើនរូប។

យោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រកាសដោយសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់តែងតាំង មន្រ្តីរាជការចំនួន០៤រូប ជាអភិបាលរងនៃគណអភិបាលខេត្តព្រៃវែង និងនាយករដ្ឋបាលសាលាខេត្ត១រូប រួមមាន៖
១)- លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត
២)- លោក ហុី ធួក អភិបាលរងខេត្ត
៣)- លាត ភារុន អភិបាលរងខេត្ត
៤)- លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត
៥)- លោក ឡាច ភារ៉ាត់ នាយករដ្ឋបាលសាលាខេត្ត

ថ្លែងនាប្រកាសនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងកងកម្លាំងទាំងបី បានសហការគ្នាក្នុងការអភិវឌ្ឍន៍អោយខេត្តមានការរីកចម្រើនគួរអោយកត់សម្គាល់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជម្រុញដល់អភិបាលរងខេត្តថ្មី ដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តព្រៃវែង ត្រូវខិតខំធ្វើការងារទាំងក្នុងរដ្ឋបាលខេត្ត និងជាមួយប្រជាពលរដ្ឋអោយបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យបន្តទៀត។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរដ្ឋបាលខេត្តព្រៃវែងគ្រប់លំដាប់ថ្នាក់ សូមប្រសិទ្ធិពរជ័យជូនដល់ឯកឧត្តម ឡេង វី ជាមួយគណៈប្រតិភូអមដំណើរ និងអ្នកចូលរួមក្នុងពិធីទាំងអស់ បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។