ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៧ចំណុច ទៅកាន់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងអង្គភាពចំណុះទាំង៦

(ភ្នំពេញ) : ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវិស័យអប់រំកាយ និងកីឡា រយៈពេល ៨ខែ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានសាទរ ចំពោះការខិតខំប្រឹងប្រែងរហូតទទួលបានមេដាយសរុប ៦៣គ្រឿង ក្នុងនោះមាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរិទ្ធ ៤១គ្រឿង ដែលជាកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១៦ប្រទេស។ ឯកឧត្តម ស សុខា បានបន្តទៀតថា គោលដៅបន្ទាប់របស់យើងគឺធ្វើយ៉ាងណាឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពាក់កណ្ដាលនៃតារាងមេដាយសរុបតាមការដាក់ចេញនូវផែនការរបស់យើង។

ពាក់ព័ន្ធនឹងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ស សុខា បានផ្តាំផ្ញើ ៧ចំណុច ទៅកាន់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងអង្គភាពចំណុះទាំង៦ ដូចខាងក្រោម ៖
១. បន្តរឹតបន្តឹងការងារមួយចំនួនដែលយើងចង់បានអ្នកធ្វើច្រើនជាងអ្នកនិយាយ ដើម្បីធ្វើទៅរួចអង្គភាពទាំង៦ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ដែលបានប្រគល់ជូន ត្រូវតែហ៊ានទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងស្នើឲ្យថ្នាក់ដឹកនាំ មេត្តាដឹកនាំប្រជុំចំពោះនាយកដ្ឋាន/អង្គភាពនីមួយៗ និងប្រជុំតាមដានពីការត្អូញត្អែរ និងការលំបាកនាពេលកន្លងមក ថាតើត្រូវជ្រើសរើសកម្លាំងបន្ថែមឬយ៉ាងណា? ហើយត្រូវយកអ្នកដែលធ្វើការពិតប្រាកដ ជាក់លាក់ និងទទួលខុសត្រូវក្នុងការងារ បើយើងមានការរវល់ច្រើនពេក នឹងធ្វើឲ្យការងាររបស់យើងត្រូវរាំងស្ទះ។

២. សូមឲ្យថ្នាក់ដឹកនាំ បំពេញកាតព្វកិច្ចឲ្យបានជាប់លាប់ ហើយត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដែលមិនត្រូវប្រើប្រាស់ ឬបង្កើតនូវបក្សពួកនិយម មិនគោរពតាមឋានានុក្រម ជាដើម ។ល។ សូមឱ្យជម្រះចោល និងសូមឲ្យដឹកនាំប្រជុំតាមដាន បើសិនជាមានបញ្ហានេះ សូមថ្នាក់ដឹកនាំមេត្តាចាត់វិធានការជាបន្តបន្ទាប់ ដើម្បីពន្លឿន ឬអាចនិយាយបានថា កាត់ចោលសាច់ស្អុយ ដើម្បីបន្តដំណើរទៅមុខទាំងអស់គ្នា។

៣. មន្ត្រីដែលមួយចំនួនមានតួនាទីភារកិច្ច បំពេញការងារជាមួយថ្នាក់ស្រុក សូមតាមដាននិងគោរពតាមការចាត់តាំងឲ្យបានជាប់លាប់ ហើយសូមកុំគិតថា ជារបស់អ្នកដទៃ ឬជារបស់ក្រសួងផ្សេង បើសិនជាយើងបរាជ័យគឺបរាជ័យជាតិទាំងមូល ព្រោះយើងទាំងអស់គ្នាជាមន្ត្រីជំនាញ ក្នុងការរៀបចំការងារទាំងអស់នោះ។

៤. ផែនការប្រចាំឆ្នាំ គឺត្រូវយកចិត្តទុកដាក់ទៅលើសកម្មភាពមួយចំនួនដែលជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យកីឡា ពិសេសគឺស៊ីហ្គេមរបស់យើង ផែនការមួយចំនួនត្រូវរៀបចំគម្រោង ។ ការងារមួយនេះត្រូវផ្អែកទៅលើផែនការសកម្មភាពអាទិភាព ដើម្បីតម្រង់ទិសដែលយើងត្រូវដើរ។

៥. បន្តតាមដានត្រួតពិនិត្យអនុវត្តថវិកា ឲ្យបានចំទិស និងប្រកបដោយតម្លាភាព ប្រសិទ្ធភាពគណនេយ្យភាព ឆ្លើយតបទៅនឹងសុចនាករដែលបានកំណត់ ដើម្បីអនុវត្តថវិការបស់យើងឱ្យចំទិសដៅ។

៦. សូមឱ្យមានការលើកទឹកចិត្តមន្ត្រីដែលសកម្ម កុំលើកទឹកចិត្តតែអ្នកនៅក្បែរខ្លួន ឬមួយបក្សពួកខ្លួន មុនក្រោយគេអាចនឹងរត់ចេញ ។ ដូចនេះសាមគ្គីភាពផ្ទៃក្នុង បានលើកឡើងជាច្រើនលើកមកហើយ ត្រូវលើកទឹកចិត្តមន្ត្រីដែលសកម្មនឹងការងារ មន្ត្រីនៅក្នុងវិស័យកីឡា មិនអាចក្លាយទៅជាសេដ្ឋីបានទេ ដែលខិតខំលះបង់ស្រលាញ់លើវិស័យកីឡា ហើយបើសិនជាមកដើម្បីក្លាយជាសេដ្ឋី សូមកុំមកអីប្រសើរជាង។ បើមិនបានលើកទឹកចិត្តគាត់សូមកុំបន្ទោសគាត់។

៧. ស្នើសុំឲ្យមានការឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្ដែង ដូចការលើកឡើងខាងលើកុំឲ្យនិយាយច្រើនជាងធ្វើ ស្អាតតែរបាយការណ៍តែបញ្ហាវិញនៅបន្ត ហើយត្រូវរាយការណ៍នូវរាល់បញ្ហាជូនទៅថ្នាក់ដឹកនាំ ឱ្យលោកត្រួតពិនិត្យ បើលោកមិនអាចដោះស្រាយបាននឹងបញ្ជូនបន្តទៅខាងលើទៀត ដោយប្រធានស្ថាប័ន។ សូមឱ្យមានការរៀបចំរបាយការណ៍សកម្មភាពដោយមានប្រសិទ្ធភាពខ្ពស់ មិនមែនធ្វើឲ្យតែល្អមើលនោះទេ។ សូមកុំចាំតែថ្នាក់ដឹកនាំ ចុះត្រួតពិនិត្យទើបនាំគ្នាធ្វើ ទាល់តែមានអ្នកឈរពីក្រោយ ទើបធ្វើ នោះមិនអាចទៅរួចទេ។ អាចនិយាយបានថាការងារនោះគ្មានប្រសិទ្ធភាពទេ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ស សុខា បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការចំណុះឲ្យអគ្គនាយកដ្ឋានកីឡា ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវិស័យអប់រំកាយ និងកីឡា រយៈពេល ៨ខែ ឆ្នាំ២០២២ និងជូនពរផងដែរ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។