ព័ត៌មានជាតិ

អបអរសាទរ លោក ស កក្កដា ត្រូវបានតែងតាំង ជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ

អបអរសាទរ លោក ស កក្កដា ត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណ:អភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

(ព្រះសីហនុ)   ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមអនុក្រឹត្យលេខ៦០៥អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងការកោតសរសើរចំពោះ លោក អ៉ី សុខឡេង អតីតអភិបាលក្រុងព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ដោយលោកបានបន្សល់ទុកស្នាដៃជាច្រើនក្នុងការដឹកនាំ និងអភិវឌ្ឍក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរចំពោះ លោក សរ កក្កដា អតីតអភិបាលស្រុកព្រៃនប់ ដែលមានបទពិសោធន៍ ក្នុងការដឹកនាំនាពេលកន្លងមក ហើយការចូលមកកាន់តួនាទីជាអភិបាលក្រុងព្រះសីហនុ នឹងធ្វើឱ្យក្រុងព្រះសីហនុមានការរីកចម្រើន។

លោកអភិបាលខេត្ត ក៏បានណែនាំដល់លោកអភិបាលក្រុងព្រះសីហនុថ្មីថា ការដឹកនាំត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។ ត្រូវសហការ និងធ្វើការឱ្យបានព្រមគ្នា ទន្ទឹមនោះត្រូវមានសមត្ថភាពក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ ឆ្លើយតបទៅ នឹងលក្ខណៈសម្បត្តិទទួលបានលទ្ធផលផ្លែផ្កា។ ម្យ៉ាងទៀតភារកិច្ចសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្រុងព្រះសីហនុ វាមានគ្រប់ដណ្តប់៨០ភាគរយ ទូទាំងខេត្ត ដែលទាមទារឱ្យគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ត្រូវបន្តអប់រំចលនាចូលរួមពីប្រជាពលរដ្ឋឱ្យបានជាប់លាប់ជាប្រចាំ បន្តការងារត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវ ម្យ៉ាងទៀតការងារជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម គ្រឿងញៀន និងត្រួតពិនិត្យទីតាំងផ្ទះជួលនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការសហការផ្តល់ព័ត៌មានអំពីទីតាំងប្រព្រឹត្តិអំពើល្មើស ដើម្បីឈានទៅកំណត់មុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមថែរក្សាអនាម័យ បរិស្ថាន និងការបញ្ចេញសំរាមនៅតាមផ្ទះតាមការណែនាំរបស់អាជ្ញាធរក្រុង ព្រោះសំរាមក៏ជាបញ្ហាសំខាន់ ដើម្បីឱ្យទីក្រុងរបស់យើងមានភាពស្អាតសម្រាប់កភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។