ព័ត៌មានជាតិ

ក្រសួងកសិកម្ម ÷ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឃន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្ដង

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល បង្កើតឱកាសការងារនៅជនបទក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភថវិកាចំនួន ២00 000 000រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងខេត្តគោលដៅចំនួន ១១ខេត្ត ក្នុងនោះមានខេត្តឧត្តរមានជ័យផងដែរ។

ភ្ជាប់ទៅនឹងប្រធានបទនេះ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៦ ខែធ្នូ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា នៅទូទាំងខេត្តមានកសិករចំនួន ១០៥គ្រួសារ ( ៧៥គ្រួសារ ទទួលបានកូនត្រីអណ្តែង និង ៣០គ្រួសារ ទៀតទទួលបានកូនកង្កែប) ព្រមទាំងសម្ភារសម្រាប់ចិញ្ចឹមមួយចំនួនទៀត។ ក្នុងវគ្គទី១ ពួកគាត់ទទួលបានផលពីការចិញ្ចឹមនេះយកមកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ និងលក់ចែកចាយនៅក្នុងមូលដ្ឋាន (ត្រីអណ្តែងប្រមាណ ៤ក្បាល/kg តម្លៃ ៦ ០០០រ/kg កង្កែប ៦ក្បាល/kg លក់បានតម្លៃ ១០ ០០០រ/kg) ចំពោះការចិញ្ចឹមត្រីអណ្តែងប្រើរយ: ពេលជាង ២ខែ និងកង្កែបជាង ៥០ថ្ងៃ អាចប្រមូលផលបាន។ ដោយឡែក មានកសិករចំនួន ៣០គ្រួសារ បាននិងកំពុងចិញ្ចឹមត្រីអណ្តែងនៅវគ្គបន្តដែលទទួលបានកូនត្រីពីគម្រោង ផ្ទុយទៅ វិញមាន ៤៥គ្រួសារ បានផ្អាកចិញ្ចឹមបណ្តោះអាសន្ត មូលហេតុជាប់ដៃប្រមូលផលស្រូវ និងដំឡូងមី ប៉ុន្តែទោះជាយ៉ាងណា ក្រោយពេលប្រមូលផលស្រូវ និងដំឡូងមីរួច ពួកគាត់នឹងចាប់ ផ្តើមចិញ្ចឹមឡើងវិញ។ ចំពោះកង្កែប ក្នុងចំណោមកសិករ ៣០គ្រួសារ ក្នុងនោះមាន ១០គ្រួសារបានបង្វែរទិសដៅពីការចិញ្ចឹមកង្កែបសាច់ មកចិញ្ចឹមកង្កែបពូជវិញដើម្បីផ្គត់ផ្គង់កូនដល់អ្នកចិញ្ចឹមកង្កែបសាច់ក្នុងសហគមន៍របស់ពួកគាត់ ហើយ ២០គ្រួសារទៀតបានផ្អាកចិញ្ចឹម បញ្ហាក៏ដូចកសិករចិញ្ចឹមត្រីអណ្តែងដែរ។

តាមការអះអាងរបស់មន្ទីរបានឲ្យដឹងថា ក្រោយពីទទួលបានគម្រោងចិញ្ចឹមខាងលើ កសិករ និង សាធារណជនមួយចំនួនបានចាប់អារម្មណ៍លើការចិញ្ចឹមត្រីអណ្តែង ដោយគិតមកទល់ពេលនេះចំនួនកូនត្រីដែលបានលក់ជូនទៅកសិករ និងសាធារណជន ជាពិសេសផ្នែកកងទ័ពចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ស្បៀង នៅតាមតំបន់ឈរជើងបានចំនួន ៣០កន្លែង ស្មើនិង ៧០០គ.ឡ គិតជាកូនត្រីប្រមាណជាង ១៤០ ០០០កូនត្រី ពីស្ថានីយកសិកម្មគោករំដួល ហើយកង្កែបកំពុងរង់ចាំត្រៀមបង្កាត់ពូជនាពេលខាងមុខ។ មិនតែប៉ុណ្ណោះ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE មន្ទីរបានរៀបចំជា ៣ បណ្តុំក្នុងនោះ អាជីវកម្មត្រីអណ្តែង ២បណ្តុំមានកសិករចូលរួម ៩៨គ្រួសារ ដែល១គ្រួសារទទួលបានចំណី ២ការ៉ុង តង់១ ទំហំ ៤mx៦m កូនត្រីអណ្តែង ៥០០ក្បាល និងកសិករគំរូ ២រូប ជាអ្នកបង្កាត់ និងភ្ញាស់ត្រីដើម្បីលក់ផ្គត់ផ្គង់ឲ្យកសិករ ដោយម្នាក់ៗទទួលបានថវិកាសម្រាប់រៀបចំរោង តង់ និងឧបករណ៍សម្រាប់ការបង្កាត់ចំនួន ៤ ០០០ ០០០រៀលផងដែរ។ ដោយឡែក បង្កងមានសមាជិកបណ្តុំ ៤៦រូប ដោយពួកគាត់ទទួលបាន តង់ ម៉ូទ័រ និងមេបាពូជ ២គូរ និងកសិករគំរូ ១រូប ជាអ្នកបង្កាត់ ភ្ញាស់ ទទួលបានថវិកា ២ ៨០០ ០០០រ សម្រាប់ធ្វើ រោង អាង និងឧបករណ៍សម្រាប់បម្រើឲ្យការបង្កាត់ពូជ។

ដើម្បីបង្កើនសមត្ថភាពផ្សព្វផ្សាយបច្ចេកទេសជូនដល់ប្រជាកសិករ រក្សានិរន្តរភាពចិញ្ចឹម មន្ទីរ បានបញ្ជូនមន្រ្តីជំនាញទៅចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស បង្កាត់ពូជត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា និងកង្កែប នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅខេត្តព្រៃវែងដោយមានការគាំទ្របច្ចេកទេសពីមន្រ្តីជំនាញរដ្ឋបាលជលផល។ ក្រោយពីពួកគាត់ទទួលបានចំណេះដឹង និងបទពិសោធន៍ បច្ចុប្បន្នមន្រ្តីជំនាញបានសាកល្បងអនុវត្តការបង្កាត់ត្រីអណ្តែងកូនកាត់ អាហ្រ្វិកទទួលបានជោគជ័យ ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ជូនប្រជាកសិករនៅក្នុងតំបន់ ហើយទិសដៅបន្តនឹងខិតខំបង្កាត់ត្រីឆ្ពិន ត្រីកន្ធរ ដើម្បីធានាបរិមាណផ្គត់ផ្គង់កូនត្រី ដល់ប្រជា ពលរដ្ឋ ហើយជំរុញរៀបចំខ្សែច្រវាក់ផលិតកម្មវារីវប្បកម្ម ធានាដល់ការផ្គត់ផ្គង់នៅក្នុងមូលដ្ឋាន និងពង្រីកសមត្ថភាពការចិញ្ចឹមបន្តទៀតសំដៅជំរុញការផលិតសម្រាប់នាំចេញតំបន់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។