ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន​ឧកញ៉ាម្នាក់តាមដិកា រួចបញ្ជូន​ទៅ​តុលាការ ករណីជំពាក់​បំណុល​គេ​អត់​សង !

(ភ្នំពេញ) : បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចាប់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ពោល​គឺ​ជំពាក់​លុយ​គេ​អត់​សង ហៅ​ថា ឧកញ៉ា​ក្ស័យធន ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន​ឈ្មោះ ជួប ច័ន្ទ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​ប្រព្រឹត្ត​នៅ​ក្រុមហ៊ុន «​គឹ​ម ហាប់ ខូ​អិ​ល​ធី​ឌី​» ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ។

ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន​ឧកញ៉ា ជួប ច័ន្ទ ចេញ​ដោយ​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​យក​ទៅ​អនុវត្ត និង​ចាប់ខ្លួន​ឈ្មោះ ជួប ច័ន្ទ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។

នៅ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ឧកញ៉ា​ក្ស័យធន​បាន​ហើយ ទើប​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក៏​បាន​បញ្ជូន​ទៅ​ដល់​ស្ថាប័ន​អយ្យការ ដើម្បី​បើក​ការ​ស៊ើបសួរ ចាត់​តាម​នីតិវិធី​ច្បាប់ ។

ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​បាន​សម្រេច​ផ្ញើ​ឈ្មោះ ជួប ច័ន្ទ ទៅ​សមត្ថកិច្ច​វិញ តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២ ស្អែក​នេះ នាំ​ជនសង្ស័យ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សាកសួរ​ទៀត ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។