ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ដឹកនាំប្រតិភូខេត្តព្រៃវែង ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម

ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានដឹកនាំប្រតិភូខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ហេីយក៏មានខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តកំពងចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង មកចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅសាលប្រជុំគណៈកម្មាធិការបក្សខេត្តតៃនីញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដែលកម្មវិធីនេះរៀបចំធ្វើឡើងដោយរដ្ឋបាលខេត្តតៃនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមបញ្ជាក់ផងដែរថា ការរៀបចំពិធីនាឱកាសនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងមានខ្លឹមសារជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ដែលមានប្រវត្តិតស៊ូ លះបង់ រួមសុខ រួមទុក្ខ និងជួយគ្នាទៅវិញទៅមក តាំងពីអតីតកាល រហូតមកទល់ពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង សូមសម្តែងការអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងជាច្រើនសន្ធឹកសន្ធាប់រហូតបានអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនគួរជាទីមោទនៈ ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់ការថែរក្សា សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ក្នុងតំបន់និងពិភពលោក។

សារជាថ្មីម្តងទៀត ក្នុងនាមប្រតិភូខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា សូមផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរសព្វសាធុការដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តីសុខ សុភមង្គលនិងវិបុលភាពគ្រប់ប្រការ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។