ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប៖ នៅមានមនុស្សចន្លោះ ៣០០ទៅ៥០០នាក់ កំពុងនៅក្នុងចម្ការលោក ខឹម វាសនា !

ខេត្តសៀមរាប ៖ រហូតមកដល់ព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ ២០២២នេះមានប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ទៀតដែលកំពុងនៅក្នុងចម្ការរបស់លោក ខឹម វាសនា មិនទាន់បានចាកចេញនៅឡើយចំពេលដែលប្រជាពលរដ្ឋបាត់សមាជិកគ្រួសារបានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ឲ្យអាជ្ញាធរស្វែងរកប្រមាណ១៣០បណ្តឹង។

​គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចដែលរួមមាន÷នគរបាលនិងកងរាជអាវុធហត្ថខេត្តសៀមរាបទទួល​ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ​ប្រមាណ ១៣០ ករណី​ដើម្បីស្នើសុំជួយស្វែងរកសាច់ញាតិ​ដែលចូលទៅស្នាក់នៅ​ក្នុងដីចម្ការរបស់លោក ខឹម វាសនា ខណៈនៅសល់ប្រជាពលរដ្ឋប្រមាណ ៣០០ ទៅ ៥០០ នាក់នៅក្នុងចម្ការនោះមិនទាន់បានចាកចេញ។

នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ២០២២​នេះ ​លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ក្រុមអ្នកកាសែតថា ក្រុមអ្នកគាំទ្រក៏ដូចសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា នៅ ក្នុងចម្ការបច្ចុប្បន្ននៅសល់ប្រមាណ១០ភាគរយ​ប៉ុណ្ណោះ ដែលមានចំនួនមនុស្សពី ៣០០ ទៅ ៥០០ នាក់ ខណៈសមត្ថកិច្ចបានទុកពេល​វេលាឱ្យពួក​គាត់ នៅទៅតាមសម្រួល ប្រសិនបើពួកគាត់មិនចង់ចេញ ហើយ​ក៏មិនមានវិធានការក្ដៅណាមួយនោះទេ ​ដោយ​រង់ចាំការ សម្រេចបន្ថែមពីគណៈបញ្ជា​ការឯកភាព​ខេត្ត។

លោកស្កងការនគរបាលខេត្តបន្តថា ​ចំពោះពាក្យបណ្ដឹង​របស់សាច់ញាតិ​ដែលបាត់សមាជិកគ្រួសារ​រត់ទៅនៅក្នុងចម្ការលោក ខឹម វាសនា ​សមត្ថកិច្ច​នឹងស្រាវជ្រាវរកភស្ដុតាងបន្តទៀត ប្រសិន​បើទាក់ទងនឹងករណីបង្ខាំងមនុស្ស ឬករណីណាមួយ​ដែលសមត្ថកិច្ចរកឃើញថាអាចអនុវត្តតាមផ្លូវច្បាប់បាន​នោះសមត្ថកិច្ច​នឹងអនុវត្ត។

សូមរម្លឹកថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឃោសនាថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកតាំងខ្លួនឯងថាជាព្រះព្រហ្មសង្គ្រោះមនុស្សដោយអំពាវនាវឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលការជួបជុំ នៅដីចម្ការរបស់លោកស្ថិតនៅតំបន់ភ្នំគូលែន ឋិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាប ទើបរួចផុតគ្រោះមហន្តរាយ។

ការឃោសនាបែបនេះ ធ្វើឱ្យពលរដ្ឋប្រមាណ ១៥ ០០០ នាក់ បានរត់ទៅប្រមូលម្តុំទៅទីនោះ ខណៈដោយទាំងពលរករខ្មែរនៅធ្វើការនៅកូរ៉េជាង៤០០នាក់ ដែលជាអ្នកគាំទ្រលោក ខឹម វាសនា ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ ៕សហការី

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។