ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ៖ កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ សំខាន់ៗ ជាសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាមួយមូលបទ អាស៊ានរួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាទាំងអស់ ដោយផ្តោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជាពិសេសពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រោយមានភាពធូរស្រាលជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្ពុជា បានកំណត់គោលដៅជាយុទ្ធសាស្ត្រចំនួន ៤ នៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ១.ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២.ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ៣.ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងការប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និង ៤.អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។