ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ជារួមនៅក្នុងឃុំនេះស្រូវមានសភាពលូតលាស់បានល្អប្រសើរជាងឆ្នាំកន្លងទៅ

នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ជារួមនៅក្នុងឃុំនេះស្រូវមានសភាពលូតលាស់បានល្អប្រសើរជាងឆ្នាំកន្លងទៅ ។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យមើលស្ថានភាពខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់នៅក្នុងភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ដាំណាំស្រូវ វស្សាប្រមាណជាង ៥ ០០០ហត ខូចខាត ៣ ២២៥ហត និងបានស្តារឡើងវិញបានប្រមាណ ២ ៣៨០ហត ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញានេះនៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដំណាំស្រូវវស្សាប៉ះពាល់ដោយសារទឹកជំនន់មានចំនួន ៨ ៥៧០ហត ខូចខាតជាង ៥ ០០០ហត និងបានស្តារឡើងវិញចំនួនជាង ២ ៨០០ហត។

លោកមេឃុំរហាត់ទឹក ស្រុកមង្គលបុរី ព្រមជាមួយប្រជាពលរដ្ឋបានឲ្យដឹងថា បញ្ហាប្រឈមជារួមនៃទឹកជំនន់ក្នុងឃុំរហាត់ទឹកគឺការរំដោះទឹកមិនទាន់ដោយសារទំនប់បញ្ចាល់ទឹកពោធិពីរដើមចាស់មិនអាចរំដោះទឹកបានគ្រប់ ហើយនិងនៅពេលបច្ចុប្បន្ននេះគឺកំពុងធ្វើការស្តារឡើងវិញនៅទំនប់បញ្ចាល់ទឹកពោធិនេះ បានធ្វើឲ្យការរំដោះទឹកជំនន់មិនបានគ្រប់គ្រាន់និងទាន់ពេលវេលា ដែលបានបន្តធ្វើឲ្យទឹកចាល់ជន់លិចរយ:ពេលយូក្នុងរដូវវស្សានេះ ។ នៅចំពោះមុខ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកិសកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការតាមដាន សិក្សា និងវាយតម្លៃលើផ្ទៃដីស្រែប៉ះពាល់ជាក់ស្តែង រួចដាក់សំណើសុំពូជស្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមតម្រូវការជាក់ស្តែង។ ដោយឡែក ចំពោះដំណោះស្រាយ រយ:ពេលវែង ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាជាមួយមន្ទីរធនធានទឹក និង ឧតុនិយមខេត្តអំពីលទ្ធភាពសាងសង់ទំនប់បង្ហូររំដោះទឹក តាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងឃុំរហាត់ទឹក។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។