ព័ត៌មានជាតិ

យប់មិញ យុទ្ធនាការបង្ក្រាបល្បែងស៊ីសងនៅភ្នំពេញ បាន២៨ករណី និងឃាត់មនុស្ស៥២នាក់ !

(ភ្នំពេញ): យោងតាមរបាយការណ៍របស់ស្នង
ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមវេលម៉ោង ៨យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពតាមខណ្ឌមួយចំនួន បានបើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយឃាត់មនុស្សសរុប៥២នាក់ (ស្រី២៧នាក់)។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលរួមជាមួយអាជ្ញាធរតាមខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនបានចំនួន២៨ករណី ជាមួយនឹងការឃាត់ខ្លួនមនុស្សចំនួន៥២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនធំទៀតផងដែរ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការនេះចេញជាលទ្ធផលរួមមាន៖

ទី១៖ កត់ឆ្នោតវៀតណាម៖ បង្ក្រាបបាន២៥ករណី ឃាត់មនុស្សចំនួន៣៣នាក់ (ស្រី២០នាក់) ដកហូតម៉ូតូ៤គ្រឿង ទូរស័ព្ទ២០គ្រឿង និងសម្ភារមួយចំនួនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងនៅខណ្ឌមួយចំនួនរួមមាន៖ ខណ្ឌបឹងកេងកង ឃាត់មនុស្ស១១នាក់, ខណ្ឌកំបូល ឃាត់មនុស្ស៨នាក់, ខណ្ឌទួលគោក ឃាត់មនុស្ស៦នាក់, ខណ្ឌឬស្សីកែវ ឃាត់មនុស្ស៣នាក់, ខណ្ឌជ្រោយចង្វារ ឃាត់មនុស្ស៤នាក់។

ទី២៖ ភ្នាក់បាល់តាមប្រព័ន្ធ Online៖ បង្ក្រាបបាន២ករណី ដោយឃាត់មនុស្ស៣នាក់ (ស្រីម្នាក់) ដកហូតម៉ូតូ៣គ្រឿង និងកុំព្យូទ័រ៣គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងនៅខណ្ឌច្បារអំពៅ ដោយឃាត់មនុស្ស២នាក់ និងខណ្ឌសែនសុខ ដោយឃាត់មនុស្សម្នាក់។

ទី៣៖ បៀរម៉ាជាំង ដោយបង្ក្រាបនៅខណ្ឌសែនសុខ ឃាត់មនុស្សចំនួន១៦នាក់ (ស្រី៦នាក់) និងដកហូតតុបៀរ ៦គ្រឿង និងទូរស័ព្ទ៣គ្រឿង។

កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងសារសំលេងខ្លាំងៗបញ្ជូនមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យ នៅក្នុងបនល្បែងទៀតទេត្រូវម៉ឺងម៉ាត់ ត្រូវតែដាច់ខាត»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ត្រូវធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់មករំខាននាយករដ្ឋមន្ត្រីនោះទេ។ ប្រសិនបើអស់លោកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ដែលបញ្ជាទៅលើកម្លាំងនគរបាលជាតិ»។ សម្តេចតេជោ ក៏បានអំពាវនាវទៅកាន់អ្នកធ្វើអាជីវកម្មទាំងឡាយ បើមិនចង់ឱ្យអាជីវកម្មរបស់ខ្លួន ត្រូវបិទទ្វារទេនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ពីល្បែងស៉ីសងខុសច្បាប់។ សម្តេចតេជោ បានគូសរំលេចទៀតថា បទបញ្ជានេះគឺដើម្បីនាំមកនូវសេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៉ីសង។

ក្រោយមានបទបញ្ជារបស់សម្តេចតេជោរួចមក គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបើកកិច្ចប្រជុំជាបន្ទាន់រៀងៗខ្លួន ដើម្បីដាក់ផែនការចុះបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋានភ្លាមៗផងដែរ។ សម្រាប់រាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានបើកកិច្ចប្រជុំជាមួយស្នងការនគរបាល មេបញ្ជាការអាវុធហត្ថ អភិបាលខណ្ឌទាំង១៤ ព្រមទាំងសមត្ថកិច្ចទាំងអស់ និងបានបើកប្រតិបត្តិការចុះបង្ក្រាបកាលពីល្ងាច និងយប់ម្សិលមិញផងដែរ រហូតមានការឃាត់ខ្លួនជាង៥០នាក់នេះតែម្តង៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។