ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរងគ្រោះបាត់ម៉ូតូដោយសារករណីចោរលួច ប្លន់ និងអំពើឆបោ.កផ្សេងៗ បាននាំគ្នាទៅរកម៉ូតូរបស់ខ្លួននៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពី រយៈពេល៣ថ្ងៃ អាជ្ញាធរបានចុះត្រួតពិនិត្យកុងស៊ីបញ្ចាំង និងដកហូតម៉ូតូមិនប្រក្រតី បានប្រមាណជាង៥០០គ្រឿងយកទៅរក្សាទុកនៅឃ្លាំងមួយកន្លែង ស្ថិតក្នុងបុរីរុងរឿង ក្នុងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមព័ត៌មានអោយដឹងថា នៅមុខឃ្លាំងដែលរក្សាទុកម៉ូតូ គេបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅរកម៉ូតូរបស់ខ្លួន ដែលបានបាត់បង់កន្លងទៅ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចមិនទាន់បានរៀបចំស្រួលបួល ដើម្បីអោយប្រជាពលរដ្ឋបានស្វែងរកម៉ូតូរបស់ខ្លួនដែលបាត់ឡើយ ព្រោះកំពុងតែដកហូត និងរៀបចំឯកសារដើម្បីបិទផ្សាយ។
លោក ឃ្លាំង ហូត អភិបាលរងរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងរយៈពេល៣ថ្ងៃនេះ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ សមត្ថកិច្ចបានដកហូត និងដឹកជញ្ជូនម៉ូតូចេញពីទីតាំងហាងបញ្ចាំដែលខុសប្រក្រតីបានម៉ូតូចំនួនជាង៥០០គ្រឿង ដើម្បីយកទៅរក្សាទុកនៅឃ្លាំងមួយកន្លែង នៅតំបន់ OCIC រង់ចាំបងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូកន្លងមក យកឯកសារមកផ្ទៀងផ្ទាត់រកម៉ូតូរបស់ខ្លួន បើឃើញ អាជ្ញាធរនឹងប្រគល់ជូនវិញ។
លោក ឃ្លាំង ហួត បានបន្តឲ្យដឹងទៀតថា ទីតាំងឃ្លាំងបញ្ចាំដែលទទួលផលចោរកម្ម គឺជាដើមចមនាំអោយកើតមានឡើងនូវអំពើ លួច ប្លន់ម៉ូតូ ដើម្បីលុបបំបាត់អំពើអសន្តិសុខទាំងអស់នេះយើងនឹងអនុវត្តជាប្រចាំ និងមានប្រសិទ្ធភាព។
តាមព័ត៌មានអោយដឹងថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ជាថ្ងៃទី៣ ដែលអាជ្ញាធរ រាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកុងស៊ីបញ្ចាំនៅតំបន់ឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដើម្បីរកច្បាប់អនុញ្ញាត និងរកម៉ូតូ ដែលមានពាក់ព័ន្ធនឹងបទល្មើស ក្នុងគោល បំណងបំបាត់ចោរកម្ម និងបទល្មើសផ្សេងៗ។ នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត ក៏បានណែនាំអោយម្ចាស់ចូលរួមសហការ និងទៅធ្វើច្បាប់ទីតាំងអោយបានត្រឹមត្រូវផងដែរ។
Picture
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឃ្លាំង ហួត ក៏បានឆ្មក់ចុះត្រួតពិនិត្យទីតាំងកុងស៊ីបញ្ចាំចំនួន៤ទីតាំង ហើយរកឃើញមានកុងស៊ីចំនួន៣ទីតាំងមិនប្រក្រតីហើយបិទឃ្លុំបេ ដើម្បីនឹងឈានទៅដកហូតម៉ូតូជាបន្តបន្ទាប់។ នៅថ្ងៃទី២០ ខែកញ្ញា អាជ្ញាធរក៏បន្តឆែកឆេរកុងស៊ីចំនួន៨ទីតាំងទៀត និងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរក៏បានបន្តចុះត្រួតពិនិត្យ បានចំនួន៧ទីតាំងទៀត និងនៅបន្តបន្ទាប់ទៀតទៅលើកុងស៊ីទាំងអស់ចំនួន៦០ទីតាំង នៅតំបន់ឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នេះ៕សហការី