ព័ត៌មានជាតិ

គណៈប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

(ត្បូងឃ្មុំ) :នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូ ខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញានក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ០០:១៨ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នេះក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវអារម្មណ៍សង្រែង ស្រណោះអាឡោះអាល័យជាពន់ពេក ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន ចំពោះការបាត់បង់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវម្តាយក្មេក ជីដូន ជីដូនទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនចៅ ជាទីស្រឡាញ់។ ហើយកន្លងមកព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែងតែរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចគណនាបាន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រតិភូ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។