ព័ត៌មានជាតិ

ឣភិបាលខេត្តមណ្ឌលគីរី សម្រេចបិទរមណីយដ្ឋាន Relax Hill Resort នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយអ្នកឆ្លងកូវីដម្នាក់ បានទៅទីនោះ នៅថ្ងៃទី០១-០២ ខែធ្នូ

(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានសម្រេចឲ្យបិទអាជីវកម្មរមណីយដ្ឋាន Relax Hill Resort ដែលមានទីតាំងនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោយរកឃើញថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ធ្លាប់បានទៅទីនោះអំឡុងថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលក្រុងសែនមនោរម្យ រៀបរាប់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅលេងនៅទីនោះ និងស្នាក់នៅមួយយប់ផងដែរ។

ដើម្បីចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ រដ្ឋបាលក្រុងសែនមនោរម្យ សូមម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

បន្ថែមពីនេះ រដ្ឋបាលក្រុងបានណែនាំឲ្យអ្នកពាក់ព័ន្ធដែលបានប៉ះពាល់មានចំនួន០៧នាក់ ស្រ្តីចំនួន ០៤នាក់ ត្រូវធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅ រឺលេក្ស ហៀល រីសត Relax Hill Resort ជាកំហិត និងសូមបងប្អូនដែលបានស្នាក់នៅរីលេក្ស ហៀល រីសត Relax Hill Resort ខាងលើចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តយកវត្ថុសំណាក រកមេរោគកូវីដ១៩។

ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង ក៏បានប្រាប់ដែរថា ភ្ញៀវទេសចរឈ្មោះ អិត កុម៉ាល និងមិត្តភ័ក្រ ក៏បានទៅដើរលេងកម្សាន្ដនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាផងដែរ ប៉ុន្ដែពេលនេះ មិនបានប៉ះពាល់ ឬទៅជិតស្និតជាមួយភ្ញៀវដទៃទៀតនោះទេ។ តែយ៉ាងណាក៏ដោយ អាជ្ញាធរក៏បានឲ្យអ្នកលក់ដូរនៅតំបន់នោះធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាប្រចាំផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។