ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យ លទ្ធផលការងារសាងសង់សួនសមិទ្ធខឿន ការពារជាតិ ស្ថិតក្នុងបរិវេណវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ

(ភ្នំពេញ) ÷ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្ដម វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យលទ្ធផលការងារសាងសង់សួនសមិទ្ធផលខឿនការពារជាតិ ស្ថិតក្នុងបរិវេណវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីរាយការណ៍ ឯកឧត្តម ឧត្ដមសេនីយ៍ឯក មាស វណ្ណា អនុប្រធានគណៈកម្មការសាងសង់បានឲ្យដឹងថា សួនសមិទ្ធផលខឿនការពារជាតិ បានបើកការដ្ឋានសាងសង់ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះការ សាងសង់សម្រេចបានប្រមាណជាង ៩០ ភាគរយហើយ។ ពាក់ព័ន្ធដល់គម្រោងប្លង់រចនាបថ ឯកឧត្តម ឧត្ដមសេនីយ៍ឯក មាស វណ្ណា បានឲ្យដឹងថា សួនសមិទ្ធផលខឿនការពារជាតិ ផ្ទៃខឿនមានរាងបញ្ចកោណ មានពីរជាន់ ដោយនៅផ្នែកខាងក្រោមខឿនមានរាងរង្វង់មូល, ផ្នែកខាងលើខឿនមានរូបសំណាកយុទ្ធជន ៧ រូប កាន់ជ្រោងដងទង់ជាតិ តំណាងឲ្យកត្តាជ័យជំនះទាំង ៧ នៃនយោបាយឈ្នះ ឈ្នះ ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ចាក់ថា សំណង់សួនសមិទ្ធផលខឿនការពារជាតិ គឺជានិមិត្តរូបដែលសាងសង់ឡើងដើម្បីរំឭកនូវការចងចាំចំពោះគុណូបការៈរបស់វីរៈយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បន្តថាសួនសមិទ្ធផលខឿនការពារជាតិ គឺស្ថិតក្នុងចំណោមសួនសមិទ្ធផលចំនួន៣ផ្សេងទៀត ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សួនសមិទ្ធផល៣ផ្សេងទៀតនោះរួមមានសួនសន្តិសុខសុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម, សួនកងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ, និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមជាងស្ថាបនា ដែលបានយកចិត្តទុកដាក់រចនាតាមគម្រោងប្លង់ និង បច្ចេកទេសរបស់វិស្វករ ប្រកប ដោយគុណភាព សោភ័ណភាព ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានជំរុញឱ្យក្រុមការងារសាងសង់ បន្តខិត ខំពន្លឿនការងាររបស់ខ្លួនឱ្យបានរួចរាល់ទាន់ពេលវេលាកំណត់ ដើម្បីចូលរួមអបអរខួបលើកទី២២ ទិវានយោបាយ ឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ដែលជាព្រឹត្តិការ ណ៍រំលេចពីភាពអស្ចារ្យនៃនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។