ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ គុណបំណាច់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃបាន

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា “គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃបាន” ។ នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ស សុខា ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ។

ក្នុងសារដដែល ឯកឧត្តម ស សុខា បានសម្ដែងការសាទរក្នុងឱកាសដែលប្រទេសកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ។

ឯកឧត្តម ស សុខា បានលើកឡើងថា ក្នុងរយៈពេលជាង ២ឆ្នាំ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ មក គ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក បានឈានមុខគេក្នុងការគាំទ្រសិស្សានុសិស្ស ឲ្យបន្តការសិក្សា និងស្តារការរៀនសូត្រដែលបាត់បង់។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្ខំអោយមនុស្សនៅលើសកលលោក ត្រូវរៀនសម្របខ្លួនក្នុងវិស័យជាច្រើននៃជីវិត ។ ក្នុងនោះគ្រូបង្រៀននៅប្រទេសកម្ពុជា ត្រូវខិតខំរៀនជំនាញថ្មីៗ ឲ្យបានឆាប់រហ័ស ទាន់សភាពការណ៍ ដើម្បីត្រៀមខ្លួនសម្រាប់ជួយសិស្សានុសិស្ស ឲ្យបន្តការសិក្សារៀនសូត្រនៅពេលដែលស្ថានភាពប្រែប្រួល” ។

ឯកឧត្តម ស សុខា បានបន្តទៀតថា ដោយក្នុងបរិបទកូវីដ-១៩ សាលារៀនត្រូវបានបិទទ្វារ លោកគ្រូ អ្នកគ្រូជាច្រើន បានខ្នះខ្នែងរៀនជំនាញឌីជីថលថ្មីៗ ដើម្បីផ្លាស់ទីការបង្រៀននិងរៀនពីថ្នាក់រៀនបែបប្រពៃណីទៅ ជាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងតាមបែបចម្រុះ ។

ជាមួយគ្នានោះឯកឧត្តម ក៏បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតី ដើម្បីបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបទពិសោធ ក៏ដូចជាអប់រំទូន្មានតម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូននោះ ។

ឯកឧត្តម ស សុខា ក្នុងនាមពលរដ្ឋខ្មែរ និងជាកូនសិស្សមួយរូប បានចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” និងជូនពរលោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ទូទាំងប្រទេស សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។