ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការី បានអញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល

នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃសុក្រ ១២កើត ខែអផ្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានអញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល (EU, Director General, Directorate-General for Marine Affairs and Fisheries – DG MARE)។ ជំនួបពិភាក្សាដ៏មានសារសំខាន់នេះមានគោលបំណង ÷

១- រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្លើយតបទៅនឹងអនុសាសន៍ទាំង ១១ ចំណុចរបស់អគ្គនាយកដ្ឋានកិច្ចការសមុទ្រ ដែលបានផ្តល់ដល់រដ្ឋបាលជលផលកម្ពុជាអនុវត្តន៍។

២- ការពិភាក្សាជាមួយអគ្គនាយក DG MARE ផ្តោតទៅលើការ ឲ្យ DG MARE ដកកាតក្រហមចេញពីកម្ពុជា ដោយយោងតាមលទ្ធផលនៃកិច្ចសហប្រតិបត្តិរួមគ្នាកន្លងមក ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យជលផលកម្ពុជា តាមរយៈកម្មវិធីកំណើនបៃតង និងសេដ្ឋកិច្ចខៀវ របស់សហភាពអឺរ៉ុប ២០២១-២០២៧។

៣- ពិនិត្យលើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពី “ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU”។

ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:កម្មការសហភាពអឺរ៉ុប តាមរយ:លោកជំទាវជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជល ផល ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការជួយអភិវឌ្ឍន៍វិស័យជលផលកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ដ្រីមានសង្ឃឹមថាសហភាពអឺរ៉ុបនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងអនុវិស័យជលផលផងដែរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកជំទាវអំពីដំណើរការសកម្មភាពនៃការអនុវត្តលក្ខខណ្ឌចាំបាច់ទាំង ១១ចំណុច ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលកម្ពុជា ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

លោកជំទាវអគ្គនាយកបានវាយតម្លៃខ្ពស់លើលទ្ធផលដែលកម្ពុជាសម្រេចបាន ហើយសហភាពអឺរ៉ុបក៏បានបញ្ជាក់ថា នឹងនៅតែបន្តធ្វើ ភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាទាំងលើវិស័យកសិកម្ម រួមទាំងអនុវិស័យជលផលផងដែរ។ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់កម្ពុជាក្នុងការនាំចេញផលិតផលជលផលមកកាន់ទីផ្សារអឺរ៉ុបនាពេលអនាគត លោកជំទាវបានបង្ហាញឆន្ទ:គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ចការសំខាន់ៗចាំបាច់មួយចំនួនទាំងគោលនយោបាយ បទដ្ឋានគតិយុត្ត និងលក្ខណបច្ចេកទេស ដើម្បីធ្វើឲ្យស្របតាមលក្ខខណ្ឌតម្រូវរបស់គណ:កម្ម ការសហភាពអឺរ៉ុបទាក់ទងទៅនឹងគុណភាព សុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ។

ពាក់ព័ន្ធនឹងប្រធានបទលើកចេញនូវកាតក្រហមនេះ លោកជំទាវបានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា សហភាពអឺរ៉ុបរីករាយ និងបន្តគាំទ្រភាគីកម្ពុជាជានិច្ច ទាំងហិរញ្ញប្បទាន បច្ចេកទេស ជាពិសេសការងារគ្រប់គ្រង និងការតាមដានការអនុវត្តនានា ដើម្បីរួមគ្នាបំបាត់ចោលនៃការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ពីដែនសមុទ្រកម្ពុជា និងនៅដែនសមុទ្រអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកជំទាវបានបន្ថែមថា គឺដើម្បីធានាបាន ដល់ការការពារធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការសហការជាមួយសហភាពអឺរ៉ុបដើម្បីឈានទៅសម្រេចការងារនេះ ជាពិសេសនាពេលដែលច្បាប់ស្តីពីជលផលថ្មីបានចូលជាធរមាននាពេលឆាប់ៗខាងមុននេះ។ មួយវិញទៀត មន្ត្រីជំនាញទាំងសងខាង រួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធត្រូវបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យជលផលកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។