ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

(បាត់ដំបង) :នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធវេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនី ទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។

សម្ដេចបានមានប្រសាសន៍ថា តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណ្ឌភាពស្ទឹងសង្កែរ ព្រមទាំងស្ទឹងសង្កែរសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កបង្កើតបានបរិយាកាសកាន់តែអធិកអធមជូនដល់ប្រជាពលរដ្ឋបានចូលរួមកំសាន្តក្នុងពេលកូវីដ-១៩ មានភាពធូរស្រាល។

សម្ដេចបានមានប្រសាសន៍ថា កីឡាប្រណាំងទូក គឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបានសម្ដែងឱ្យឃើញពីការរក្សាប្រពៃណីទំនៀមទំលាប់ ការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក៏ជាការរួមចំណែកលើកម្ពស់វប្បធម៌ជាតិ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានជំរុញលើកស្ទួយគ្រប់ប្រភេទកីឡាទាំងអស់។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់វិមានឯករាជ្យ ខេត្តបាត់ដំបង នាពេលខាងមុខនេះ។ សម្ដេចក៏បានមានប្រសាន៍ដែរថា វិមានឯករាជ្យ រួមនឹងការរៀបចំសំណង់ និងសោភ័ណ្ឌភាពនានាទៀត ខេត្តបាត់ដំបង នឹងកាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។

វេទិកាអុំទូកថ្មីមានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន ៤ខែ បានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើម និងបានប្រើប្រាស់នូវវិស្វករជំនាញចំនួន ៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់ ។

វេទិកាអុំទូកថ្មី ត្រូវបានរៀបចំឡើងតាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជដំណាក់ផែ ដែលមានលក្ខណៈពិសេសនោះគឺ មានដំបូលកាកបាទ សញ្ញាបូកបួនទិសធំៗ និងមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ។

ផ្នែកដំបូល ក្បឿងស្រកាលេញត្រូវបានសិក្សា និងយកមកប្រើនៅក្នុងគម្រោងវេទិកាអុំទូក ដោយក្បឿងស្រកាលេញ គឺជាក្បឿងខ្មែរដែលត្រូវបានប្រើប្រាស់នៅតាមដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារចំណាស់ៗជាដើម។ នៅចំកណ្តាលដំបូលមានស្លាកកសាងដ៏ស្រស់ស្អាត ដែលបានរចនាដោយមានជើងទម្រ និងស៊ុមយ៉ាងល្អប្រណិតដោយមានឆ្លាក់ជាឆ្នាំកសាងនៅខាងក្នុងផងដែរ ម្យ៉ាងទៀតនៅខាងលើព្រំដំបូលវេទិកា មានរំលេចនូវបង្គោលខ្លីៗ ឈររកឹងតំរៀបគ្នាតាមបណ្តោយ និងទទឹងព្រំដំបូលដែលគេហៅថា នាងច្រាល ជាគ្រឿងសិល្បៈលម្អរបស់ខ្មែរ ដែលបានបំពាក់នៅតាមប្រាសាទ និងវត្តអារាមនានាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយសម្រែ និងប្រាសាទបន្ទាយស្រីជាដើម និងខាងចុងដំបូលនីមួយៗមានបំពាក់ទៅដោយ ជហ្វា ផងដែរ ។

ផ្នែកហោជាងខាងមុខ និងខាងក្រោយ ដំបូលមុខដាច់ដែលលយមកខាងមុខ ភ្ជាប់ជាមួយហោជាង និងមានរចនាស្លាបហោជាង ដោយបំពាក់ក្បាច់ភ្ងីទេសយ៉ាងស្រស់ស្អាត ជាការសិក្សាដោយយកទម្រង់តាមវត្តឥន្រ្ទាធិបតី ឬវត្តសង្កែ ហើយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដែលយកទម្រង់តាមវត្តពិភិទ្ធារាម។ ផ្នែកហោជាងសងខាង សម្រង់ចេញមកពីការសិក្សាទម្រង់វត្តសំរោង ដែលមានដំបូលហោជាងហក់មកខាងមុខទ្រដោយសសរពីរដើម និងមានរំលេចនៅក្បាច់ភ្ងីទេស ដោយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដូចគ្នានឹងហោជាងខាងមុខ ខាងក្រោយផងដែរ។

ផ្នែកសសរ នៅខាងលើក្បាលសសរ ត្រូវបានបំពាក់ដោយទម្រទ្រេត ឬជន្ទល់ ដែលគេហៅថា ដៃស្នា ។ ដោយឡែកនៅអមជាប់តាមបណ្តោយក្បាលសសរជុំវិញអគារត្រូវបានរចនា និងបំពាក់ដោយក្បាច់ទម្រជញ្ចាំង។ ផ្នែកបាំងសាចដោយសារអគារវេទិកាអុំទូកខេត្ត ត្រូវបានរចនាដោយបើកលំហទូលាយច្រើនដូចនេះ ក្រុមស្ថាបត្យករ បានបំពាក់បាំងសាចខាងក្រៅ លម្អដោយជ្រីកំណោងកោងដើម្បីកាត់បន្ថយកុំឱ្យមានទឹកភ្លៀងសាចចូលក្នុងអគារ។

ផ្នែកបង្កាន់ដៃ សម្រាប់បង្កាន់ដៃត្រូវបានរចនាឱ្យមាននៅជុំវិញអគារ ដែលជាបង្គោលបញ្ឈរត្រង់ៗ ដែលហៅថា ជើងទាន ដោយត្រូវបានសិក្សាទម្រង់តាមជើងទានអគារសាលាខេត្តចាស់ ដោយមានការបន្ថែមផ្នែកខាងលើ និងខាងក្រោមខ្លះដើម្បីឱ្យសមាមាត្រជាមួយអគារវេទិកា ។ ផ្នែកខាងមុខ ច្រកចូលធំខាងមុខ មានរូបសំណាកតោធំៗចំនួន ២ ធ្វើពីថ្មភ្នំធម្មជាតិអមសងខាង ដែលត្រូវបានសិក្សា និងយកលំនាំពីតោនៅមុខស្ពានថ្មចាស់ ដែលជាស្ពានបានសាងសង់តាំងពីឆ្នាំ១៩១៦ នៅខាងមុខអគារសាលាខេត្តចាស់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។