ព័ត៌មានជាតិ

គយបង្រ្កាបរថយន្ដបែនអត់ពន្ធ៣គ្រឿងកំពុងចរាចរណ៍លើផ្លូវជាតិលេខ៧ខេត្តត្បូងឃ្មុំ !

(ខេត្តត្បូងឃ្មុំ) : កម្លាំងសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានឆ្មក់ស្ទាក់ចាប់រថយន្ដបែនដើម្បីពិនិត្យអនុលោមភាព ដែលរថយន្ដទាំងអស់នេះកំពុងចរាចរណ៍នៅលើផ្លូវជាតិលេខ៧ ក្នុងទិសដៅពីស្រុកអូររាំងឪ ឆ្ពោះទៅកាន់ខេត្តក្រចេះ ចំនួន៥គ្រឿង ។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដោយសហការជាមួយ កម្លាំងនគរបាល និង អាវុធហត្ថ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅពេលទទួលបានព័ត៌មានថា មានរថយន្ដបែន៥គ្រឿង ធ្វើដំណើរតាមដងផ្លូវនោះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់រថយន្តឲ្យឈប់ នៅទីតាំងសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដើម្បីធ្វើអនុលោមភាព។ ក្រោយត្រួតពិនិត្យឃើញថា រថយន្តបែនម៉ាក HINO ចំនួន៣គ្រឿង (ចង្កូតស្ដាំ) ពុំមានឯកសារបង់ពន្ធនាំចូល។

មន្ដ្រីសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានសម្រេចយករថយន្តល្មើសច្បាប់គយខាងលើ រក្សាទុកជាបណ្ដោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ធ្វើកំណត់ហេតុល្មើសច្បាប់គយ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមបទបញ្ញត្តិច្បាប់ស្តីពីគយជាធរមាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធគយឲ្យបានគ្រប់ៗគ្នា ជៀសវាងប្រឈមជាមួយផ្លូវច្បាប់ជាធរមាន៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។