ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យអាងស្តុកទឹកមួយកន្លែង នៅឃុំពាមឯកស្រុកឯកភ្នំ ដែលកំពុងតែជន់លិចជាបណ្ដើរៗដោយសារកំណើនទឹកភ្លៀងផ្នែកខាងលើ នៅតែបន្តធ្លាកចុះ

(បាត់ដំបង)÷ ទី១៨ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្ដីពាក់ព័ន្ធមួយចំនួន បានអញ្ជើញត្រួតពិនិត្យ អាងស្ដុបទឹក អាងភាស ដែលស្ថិតនៅភូមិ គោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ដែលកំពុងតែជន់លិចជាបណ្ដើរៗ ដោយសារកំណើនទឹកភ្លៀងផ្នែកខាងលើនៅតែបន្តធ្លាក់ចុះ។

 

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះគឺយើងមកពិនិត្យការជន់ឡើងនូវទឹកនៅអាងភាស និងដឹកនាំកម្លាំង ធ្វើការកាយដីតាមមាត់អាង នៅតាមចំណុចខ្លះៗ ហើយការដែលយើងធ្វើការកាយដីអាងនេះចេញ គឺដើម្បីបង្កើតជាចរន្តឲ្យកាន់តែលឿនជាងមុន ដើម្បីជួយសម្រាលបន្ទុកទឹកក្នុងអាង។

លោក បានបន្តទៀតថា បើយើងមិនធ្វើការកាយដីបង្កើតចរន្តទឹកហូរឲ្យឆាប់រហ័សទេនោះ ទឹកហូរឆ្លងកាត់ផ្លូវបណ្ដាលឲ្យច្រោះដី ជាហេតុបណ្ដាលឲ្យបាក់អាងស្តុកទឹកនេះ ហើយបណ្ដាលឲ្យខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ ទើបយើងធ្វើកាយមុខទឹកចេញខ្លះ ដើម្បីបញ្ចេញទឹកកុំឲ្យជន់ខ្លាំង រួចនៅពេលដែលទឹកក្នុងអាងនេះនៅត្រឹមកម្រិតអប្បបរិមាណាមួយ ដែលអាងអាចស្តុកទឹកបាន យើងនឹងធ្វើការលុបដីបិទមកវិញ ដើម្បីត្រៀមប្រើប្រាស់នៅរដូវប្រាំងផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយអាងទឹកនេះ និងបានធ្វើការណែនាំប្រជាពលរដ្ឋត្រូវឲ្យមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសនៅពេលដែលទឹកកំពុងឡើងនេះ មើលទុកដាក់កូនចៅ ក្មេងៗ ចៀសវាងពួកគាត់កុំឲ្យចុះទឹកផ្ដេសផ្ដាស ដែលអាចបណ្ដាលឲ្យលង់ទឹក ប៉ះពាល់ដល់អាយុជីវិត និងត្រូវប្រកាន់នូវអនាម័យស្អាតជាប់ជានិច្ច ដោយការពិសារស្អាត ហូបទឹកស្អាត ដើម្បីបង្ការនូវជម្ងឺរាគរូសផ្សេងៗ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។