ព័ត៌មានជាតិ

ប្រទះឃើញយុវជនម្នាក់ ស្លាប់ឆេះខ្លោចពេញខ្លួន សង្ស័យធ្វើអត្តឃាតដុតសម្លាប់ខ្លួន !

ខេត្តកណ្ដាល៖ យុវជនម្នាក់បានយកដបសាំង
ចំនួនកន្លះលីត្រទុកនៅក្បែរខ្លួន ខណៈកំពុងដេកលើអង្រឹង។ លុះបានមួយសន្ទុះក្រោយមកប្រជាពលរដ្ឋឃើញមានផ្សែងភ្លើងក៏នាំគ្នាទៅមើលស្រាប់តែឃើញបុរសខាងលើមានសភាពរបួសធ្ងន់ដោយសារភ្លើងឆេះ រួចបញ្ជូនទៅមន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង ដោយគេសង្ស័យថាការស្លាប់នេះគឺជនរងគ្រោះដុតខ្លួនឯងធ្វើអត្តឃាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទីនៅចំណុចដីឡូត៍ក្រោយផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លីម សេរី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាកនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។វត្ថុតាងមានដែកកេះពណ៌លឿងចំនួន១, ដបទឹកសុទ្ធម៉ាកវីតាល់ចំណុះ១.៥លីត្រចំនួន១។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ សុខ ហ៊ាង អាយុ៦៥ឆ្នាំ ដែលត្រូវជាម្តាយរបស់ជនរងគ្រោះបានឱ្យដឹងថា: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះបាននៅផ្ទះដោយមិនបានទៅជួយមើលដំណាំបងទេ គឺបានដេកនៅលើអង្រឹងនៅរោងបាយដីឡូត៍ក្រោយផ្ទះ ដោយម្តាយជនរងគ្រោះបានដើរមកហៅអោយហូបបាយ ហើយជនរងគ្រោះប្រាប់ថាទៅមុនទៅចាំទៅតាមក្រោយ ។ លុះដល់ម៉ោង១២និង០០នាទីថ្ងៃខែដដែលក៏ទៅហៅជនរងគ្រោះម្តងទៀត ជនរងគ្រោះប្រាប់ថាមិនឃ្លានទេ ក៏ក្រឡេកមើលឃើញដបទឹកសុទ្ធមានសាំងក៏សួរថាយកមកធ្វើអី ជនរងគ្រោះនិយាយថាទុកចាក់ម៉ូតូក៏អត់ចាប់អារម្មណ៍ រហូតដល់ម៉ោង១៣និង០០នាទី ថ្ងៃខែដដែល ក៏ស្រាប់តែប្រជាពលរដ្ឋដែលធ្វើចម្ការជិតនោះឃើញមានភ្លើងឆេក៏រត់មកស្រែកហៅអ្នកផ្ទះជនរងគ្រោះឱ្យទៅមើល ពេលទៅដល់ឃើញជនរងគ្រោះត្រូវភ្លើងឆេះពេញខ្លួនប្រាណក៏បាននាំគ្នាយកភួយដាក់ទឹកយកទៅគ្រប និងខ្លះកាច់មែកឈើយកមកគ្របដើម្បីរំលត់ភ្លើង ហើយបានលើកជនរងគ្រោះមកដាក់លើកគ្រែ។ ដោយឃើញជនរងគ្រោះមានដង្ហើមក៏បានទាក់ទងទៅពេទ្យ តែមួយសន្ទុះក្រោយមកជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។ជនរងគ្រោះបានបែកបាក់ជាមួយប្រពន្ធរយៈពេល១៨ខែមកហើយ តែងតែផឹកស្រាជាប្រចាំ។ បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ រួចសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារដុតសម្លាប់ខ្លួនធ្វើអត្តឃាត។

សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។