ព័ត៌មានជាតិ

កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ និងជាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿ ទុកចិត្តគ្នា ដើម្បីបន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ រវាងគណបក្សទាំងពីរឲ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅ ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន ឥតឈប់ឈរ នៃទំនាក់ទំនង រវាងគណបក្ស និងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” ។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីសភាពការណ៍អន្តរជាតិនិងតំបន់ ផងដែរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនាពេលកន្លងមក មានជាអាទិ៍ ៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហា ព្រំដែន។ល។ ដែលមានការរីកចម្រើនកើនឡើងគួរឲ្យកត់សំគាល់។

ភាគីទាំងពីរបានអបអរសាទរខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ដែលគណបក្ស និងប្រទេសទាំងពីរ បាននិងកំពុងរួមគ្នារៀបចំនូវ សកម្មភាពនានាយ៉ាងឱឡារឹកអធិកអធម តាមរយៈ ការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ គណបក្ស រដ្ឋ និងអង្គការមហាជននៃប្រទេសទាំងពីរ និងលិខិតអបអរសាទរទៅវិញទៅមក។

សម្រាប់ទិសដៅនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្ត ការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ។ ជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បី ផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និង ពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។