ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ បុរសធ្វើចត្តាឡីស័កលោតពីជាន់ទី៥នៅសណ្ឋាគារ ឡុង លីវ គឺមកពីភ្លាត់ជើងធ្លាក់ដោយសារភាពរវើយរវាយដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន

(ភ្នំពេញ) ÷នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមុខបំភ្លឺពាក់ព័ន្ធនឹងករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលបច្ចុប្បន្នបានដឹងខ្លួននិងនិយាយបានខ្លះៗហើយតែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់គឺគាត់ភ្លាត់ជើងធ្លាក់មកដោយសារភាពរវើយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា ការធ្វើតេស្តទឹកនោមគាត់គឺឃើញមានសារធាតុញៀនប្រភេទអំហ្វេតាមីន ប៉ុន្តែគាត់មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ តែតម្រូវឱ្យធ្វើចត្តាឡីស័កបន្តនៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះជារឿងផ្ទាល់ខ្លួនគាត់មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩នោះឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។